ច្រើនខែមកហើយដែលអ្នកនាង សួន ចន្ថា សិល្បការិនីរៀមច្បងរូបនេះ បានស្ពាយឈ្មោះជាស្រ្តីមេម៉ាយ ពោលគឺបន្ទាប់ពីស្វាមីបណ្ដូលចិត្តរបស់អ្នកនាងបានលាចាកលោកកាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥ ដោយសាររោគាពាធ។


កាលស្វាមីនៅមានជីវិត សិល្បកររៀមច្បង សួន ចន្ថា ឈរជាមេគ្រួសារដ៏រឹងមាំ ដោយលោកស្រីចេញធ្វើការរកលុយផ្គត់ផ្គង់គ្រួសារដោយខ្លួនឯង និង មើលថែស្វាមីផង ខណៈស្វាមីរបស់លោកស្រីបានធ្លាក់ខ្លួនឈឺបាត់បង់ចំណូលអស់រយៈពេល ១២ ឆ្នាំ តែទោះជាបែបនេះ លោកស្រីនៅតែបន្តមើលថែគ្រួសារធ្វើជាភរិយាដ៏ល្អដោយមិនត្អូញត្អែរមួយម៉ាត់ឡើយ។

ដោយឡែក ចាប់តាំងពីស្វាមីលាចាកលោកទៅ លោកស្រី សួន ចន្ថា តែងបង្ហាញអារម្មណ៍សោកសៅនឹកដល់វត្តមានស្វាមីធ្លាប់រួមរស់មើលថែគ្នា។ មានម្ដងនោះ លោកស្រី សួន ចន្ថា បានធ្លោយបង្ហោះសារប្រាប់ពីអារម្មណ៍ក្នុងចិត្តទាំងក្ដុកក្ដួលថា ៖ «ម្នាក់ឯងមិនស្លាប់ទេ គ្រាន់តែឯកាតិច កម្សត់តិច បងទៅបានសុខហើយ នៅឡើយអ្នករស់ទេ ជីវិតមួយនេះចាត់ទុកថាឆាចោល»៕

