រឿងរ៉ាវជាច្រើនស្ទើរតែរាប់មិនអស់ បានកើតឡើងអំឡុងពេលលោក អ៊ិន សុភិន ធ្វើជាអ្នកគ្រប់គ្រងស្ថាប័នបវរកញ្ញាកាលឆ្នាំ ២០២០ ហើយបើតាមអ្នកគាំទ្រចងចាំមិនភ្លេចនោះគឺ ការប្រកាសលាលែងពីតំណែងរបស់បវរកញ្ញាជ័យលាភីគ្រងមកុដតែម្ដង ហើយកាលនោះបវរកញ្ញាលំដាប់រង ក៏ប្រកាសមិនព្រមទទួលតំណែងថែមទៀត។

ទោះបីជាមានពាក្យចចាមអារ៉ាមបោកបក់ដូចព្យុះចំពោះការកាន់កាប់វិស័យបវរកញ្ញានេះ តែលោក អ៊ិន សុភិន នៅតែបន្តប្រឡូកក្នុងកម្មវិធីមួយនេះមិនរួញរាឡើយ។ លោក អ៊ិន សុភិន ត្រូវបានគេដឹងថា លោកធ្លាប់ធ្វើជាអ្នកគ្រប់គ្រងកម្មវិធីប្រកួតសម្រស់ធំៗជាច្រើន ដូចជា Miss Grand Cambodia និង Miss Universe Cambodia និង កម្មវិធីប្រកួតសម្រស់មួយចំនួនទៀត។

នៅក្នុងឆ្នាំដែលលោក អ៊ិន សុភិន ធ្លាប់ធ្វើជាអ្នកគ្រប់គ្រង គេសង្កេតឃើញតែងមានមតិរិះគន់ ការប្រតិកម្ម និង ការបញ្ចេញយោបល់មិនពេញចិត្តផ្សេងៗពីមហាជន ប៉ុន្ដែលោកធ្លាប់លើកឡើងថា លោកធ្វើគ្រប់យ៉ាងគឺដោយសារការស្រឡាញ់វិស័យមួយនេះ ចង់ឱ្យវិស័យបវរកញ្ញានៅកម្ពុជា អាចឈរប្រកួតប្រជែងលើឆាកអន្តរជាតិបាន។

តែទោះជាមានការរិះគន់យ៉ាងណាក្ដី លោក អ៊ិន សុភិន ហាក់នៅតែតតាំងមិនចុះចាញ់ពីការប្រឡូកក្នុងវិស័យប្រកួតសម្រស់នេះឡើយ ដែលចំណុចទាំងអស់នេះ ធ្វើឱ្យមហាជនយល់ថា លោកជាបុគ្គលមានផ្លូវចិត្តរឹងមាំម្នាក់៕


