ចាប់តាំងពីប្រកាសចែកផ្លូវគ្នាដើររៀងខ្លួនជាមួយអតីតស្វាមីមក កំពូលតារាចម្រៀង ពេជ្រ សោភា បានផ្អឹបចោលរឿងស្នេហាមួយរយៈធំ ហើយខិតខំសាងប្រជាប្រិយភាព ផលិតបទចម្រៀង លុកលុយទីផ្សារសិល្បៈឡើងវិញ។

រហូតច្រើនឆ្នាំកន្លងមកនេះ ពេជ្រ សោភា បានសាងល្បងបើកចិត្តបង្ហាញពីទំនាក់ទំនងមិត្ត ១០០ ឆ្នាំជាមួយតារាសម្ដែង ឆឹម សក្កដា ដោយទំនាក់ទំនងរវាងអ្នកទាំងពីរ ក៏បានមើលចិត្តថ្លើមគ្នាហើយឈានដល់រៀបចំពិធីភ្ជាប់ពាក្យកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ។

ដោយឡែក ចាប់តាំងពីក្លាយជាគូដណ្ដឹងតាមប្រពៃណីមក ពេជ្រ សោភា និង ឆឹម សក្កដា មិនធ្លាប់បង្ហើបពីពិធីមង្គលនោះទេ ហើយអ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ ក្នុងរយៈពេលចុងក្រោយនេះ ពេជ្រ សោភា ហាក់កាន់តែបង្ហាញនៅលើហ្វេសប៊ុកជារឿយៗ ស្ដែងពីចេតនាថា អ្នកនាងជាមនុស្សនៅលីវ មិនមានជាប់ជំពាក់បេះដូងជាមួយអ្នកណាឡើយ។

ការបង្ហាញចេតនាដូចមនុស្សនៅទំនេររបស់កំពូលតារាចម្រៀងស្រីរូបនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រសង្ស័យថា ពួកគេទាំងពីរអាចនឹងមានរឿងប្រេះឆាណាមួយ ដោយមកដល់ពេលនេះពួកគេមិនឃើញបង្ហាញភាពជិតដិតដូចមុន ហើយប្រើជីវិតស្ងប់ស្ងាត់រៀងៗខ្លួន៕




