កាលពីយប់ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ កំពូលតារាចម្រៀងរ៉េប វណ្ណដា បានបង្ហោះរូបភាពឡានទំនើបថ្មីសន្លាងម៉ាក Lamborghini Urus ដែលទើបនឹងទិញដោយអមនូវសារមួយឃ្លាថា៖ «ថ្ងៃសុក្រ ថ្ងៃល្អ ទិញដែក ទិញដាច់ អត់បង់រំលោះ អត់ខ្ចីគេ អត់អីទាំងអស់»។


ក្នុងនោះ ក្រោយពីឃើញ Idol បង្ហោះរូបភាពទិញឡានជាសាធារណៈលើកដំបូង ខណៈកន្លងមក ទិញអ្វី ធ្វើអ្វីមិនដែលបង្ហាញនោះ អ្នកគាំទ្រក៏បានចូលរួមទៅអបអរសាទរ និង ចែករំលែកជាបន្តបន្ទាប់ថា Idol ប្លែកហើយ ចេះបង្ហាញ លែងស្ងប់ស្ងាត់ដូចមុនហើយ។

ដោយឡែក រាល់ការចែករំលែក និង ខមមិនចូលរួមអបអរសាទរនោះ គេបានចាប់អារម្មណ៍នឹងអ្នកស្និទ្ធស្នាលរបស់ វណ្ណដា ប៉ុន្មានរូប បានចូលទៅចំអន់ វណ្ណដា រឿងទិញឡានទំនើប ប៉ុន្តែអត់ដែលឃើញបើកឡានដោយខ្លួនឯង។ គេឃើញមាន ឌីជេ មែនទែន បានសរសេរថា៖ «ទិញឡានហ្នឹង ចេះបើកឡានអត់បង?»។

ជាការពិតណាស់ កន្លងមក អ្នកគាំទ្រ និង អ្នកស្និទ្ធស្នាលតារាចម្រៀងរ៉េប វណ្ណដា ច្បាស់ជាបានជ្រាបហើយថា លោក គឺមានតៃកុងឡានផ្ទាល់ខ្លួន ហើយទៅណាមកណាមានគេជាអ្នកបើកឡានឱ្យ កម្រឃើញលោកបើកឡានដោយខ្លួនឯងណាស់ ទើបអ្នកជិតស្និទ្ធក្បែរខ្លួនលោកនាំគ្នាចំអន់លោកលេងបែបនេះ៕







