បើគិតចាប់ពីថ្ងៃភ្ជាប់ពាក្យកាលពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២២ មកដល់ពេលនេះ រយៈពេលប្រមាណ ២ ឆ្នាំ កន្លះ មកហើយ ដែលតារាចម្រៀងប្រុសស្រីប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ប៉ាច គីមមួយ និង លោក សយ រតនៈ បានដឹកដៃគ្នាភ្ជាប់ពាក្យបញ្ចប់ងារជាសង្សារ ក្លាយទៅជាគូដណ្តឹង ។
ក្នុងនោះ ក្រោយពីភ្ជាប់ពាក្យរួច អ្នកគាំទ្រ ក៏ដូចជាមិត្តទាំងក្នុង និង ក្រៅសិល្បៈជាច្រើន តែងទន្ទឹងរង់ចាំថ្ងៃជាវេលាល្អរបស់អ្នកទាំងពីរ ថានឹងមកដល់ពេលណាដែរ?
យ៉ាងណាមិញ ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម Tik Tok កំពុងចាប់អារម្មណ៍នឹងវីដេអូមួយរបស់គូដណ្តឹងតារាចម្រៀងប្រុសស្រីខាងលើ ក្រោយសម្ពពល្បីឈ្មោះមួយកន្លែងបានបង្ហោះរូបភាពរបស់អ្នកទាំង ២ និង បង្ហើបថា កញ្ញា ប៉ាច គីមមួយ និង លោក សយ រតនៈ មកពិនិត្យសុខភាពមុនរៀបការ។
ការបង្ហោះឡើងនេះដែរ បានធ្វើឱ្យអ្នកគាំទ្រ និង មិត្តភក្តិរបស់ កញ្ញា ប៉ាច គីមមួយ និង លោក សយ រតនៈ កាន់តែរំភើប និង លើកឡើងថា អ្នកទាំង ២ អាចនឹងចូលរោងការឆាប់ៗខាងមុខនេះហើយ៕