នៅតែមិនឈប់ មកដល់ថ្ងៃនេះ យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាជាបន្តបន្ទាប់ ដែលនេះក៏បានធ្វើឱ្យប៉ះពាល់ដល់ប្រជាជន សូម្បីតែក្មេងៗកំពុងសិក្សានៅសាលារៀនក៏បានផ្អាកបណ្តោះអាសន្នភ្លាមៗផងដែរ។

ជាក់ស្តែង តាមការបង្ហោះវីដេអូលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និង កីឡា MoEYS Cambodia បានបង្ហាញពីទិដ្ឋភាពសិស្សក្មេងៗ ដែលរៀននៅសាលាតាមព្រំដែនកម្ពុជា-ថៃ បានកំពុងរត់ចេញពីថ្នាក់រៀនយ៉ាងភិតភ័យ ខណៈសាលារៀនត្រូវផ្អាកដំណើរការភ្លាមៗ ដោយសារយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២៥។




បើតាមការធ្វើបច្ចុប្បន្នភាពពីទំព័រហ្វេសប៊ុក ក្រសួងអប់រំ យុវជន និង កីឡា មកទល់ពេលនេះ គ្រឹះស្ថានសិក្សា ដែលបានបិទទ្វារ និង ផ្អាកបណ្តោះអាសន្នមានដូចជា៖ សាលារៀននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារទាំងអស់ត្រូវបានបិទទ្វារ, សាលារៀននៅស្រុកបន្ទាយអំពិលទាំងអស់ និង សាលាមួយចំនួននៅខេត្តឧត្ដរមានជ័យ ស្ថិតនៅតាមបន្ទាត់ព្រំដែនត្រូវបានបិទទ្វារ, គ្រឹះស្ថានសិក្សាបានកើនឡើងដល់ ៤២ សាលា ត្រូវបានបិទទ្វារ នៅស្រុកថ្មពួក ស្រុកស្វាយចេក និង ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ៕
