កាលពីថ្មីៗកន្លងទៅនេះ ប្រជាជនថៃជាច្រើនបានកើតចិត្តខឹងសម្បាយ៉ាងខ្លាំង ក្រោយលោកតា ស៊ុច បានមានសង្ឃដីកាជុំវិញអ្នកខេត្តសុរិន្ទ រហូតដល់ខាងអាជ្ញាធរបានប្រកាសដកសញ្ជាតិពីលោក និង ហាមមិនឱ្យលោកត្រឡប់មកទឹកដីថៃ តែជាសំណាងល្អលោកត្រូវបានសម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហើបពីការទទួលស្វាគមន៍លោកឱ្យមកគង់នៅលើទឹកដីខ្មែរវិញ។
យ៉ាងណាមិញ ថ្មីៗនេះទៀតចៅអធិការវត្ត Pa Nong Krae ក្នុងខេត្ត Burriram ដែលជាវត្តលោកតា ស៊ុច គង់កាលនៅប្រទេសថៃ ក៏បានចេញមុខប្រកាសបណ្តេញលោកតា ស៊ុច ចេញពីវត្តដូចគ្នា។ ក្នុងនោះ ខាងវត្តបានអះអាងថា លោកតា ស៊ុច បានប្រព្រឹត្តអំពើជាការញុះញង់ឱ្យពុទ្ធសាសនិកបែកបាក់គ្នា ដែលជាការដាច់អាបត្តិក្នុងវិន័យសង្ឃ និង ខូចសណ្តាប់ធ្នាប់សាសនា។ ខាងវត្តបានបន្តថា នេះក៏ជាការជំរុញឱ្យមានការបែកបាក់គ្នានៅក្នុងប្រទេស ខូចសណ្តាប់ធ្នាប់សាសនា និង ធ្វើឱ្យខូចខាតដល់គណៈសង្ឃយ៉ាងខ្លាំង។
ចុងក្រោយនេះ ខាងវត្តបានឱ្យដឹងថា ដោយសារតែលោកតា ស៊ុច គឺជាព្រះសង្ឃប្រចាំវត្ត Pa Nong Krae ទើបខាងវត្តសម្រេចចិត្តលុបឈ្មោះលោកចេញ ចាប់ពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ តទៅ ដោយមិនមានការពាក់ព័ន្ធអ្វីនឹងគ្នាទៀតឡើយ៕
ប្រភព៖ Khaosod