នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ កងទ័ពភូមិន្ទថៃ បានរាយការណ៍ពីករណីនាយទាហានម្នាក់ បានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក ក្រោយពីចូលបម្រើក្នុងបន្ទាយបានត្រឹមតែ ១០ ថ្ងៃ។

លោក វីនថៃ ស៊ូវ៉ារី អ្នកនាំពាក្យរបស់កងទ័ពភូមិន្ទថៃ បានឱ្យដឹងថា កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ មានទាហានម្នាក់ មកពីក្រុមទី ២/៦៨ នៃបញ្ជាការសង្គ្រាមពិសេស កងវរសេនាធំសង្គ្រាមពិសេសទី ៤ ប្រចាំខេត្តពិស្ណុលោក ត្រូវបានគេប្រទះឃើញចងកស្លាប់នៅក្នុងបន្ទប់ទឹកនៃបន្ទប់ឃុំឃាំង ដោយមិនមានស្លាកស្នាមនៃការធ្វើបាបរាងកាយណាមួយឡើយ។

នាយទាហានរូបនេះ ទើបតែចូលទៅនៅក្នុងបន្ទាយកាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ ដើម្បីទទួលការបណ្តុះបណ្តាលទាហានថ្មីនៅកងវរសេនាធំពិសេសទី ៤។ ខាងអង្គភាពបានរាយការណ៍ថា អ្នកស្លាប់មានប្រវត្តិធ្លាប់ព្យាបាលជំងឺផ្លូវចិត្តនៅមន្ទីរពេទ្យមួយកន្លែង ក្នុងខេត្តឈៀងម៉ៃ និងធ្លាប់ប្រើប្រាស់គ្រឿងញៀនមុនពេលចូលបម្រើកងទ័ព។ ខាងអង្គភាពបានយកចិត្តទុកដាក់ព្យាបាលទាហានរូបនេះជាប្រចាំ នៅថ្ងៃទី ១០ ខែវិច្ឆិកា ទាហានរូបនេះបានរត់គេចខ្លួនខណៈកំពុងចាំគ្រូពេទ្យ ហើយត្រូវគេឃាត់ខ្លួនបានក្នុងស្ថានភាពស្រវឹង ទើបបញ្ជូនទៅឃុំឃាំងបណ្តោះអាសន្នសិន ស្រាប់តែប្រទះឃើញចងកស្លាប់នៅថ្ងៃស្អែកឡើងតែម្តង៕

ប្រភព៖ Khaosod