អាថ៌កំបាំងពីក្រោយបារមីយាយម៉ៅ និង ព្រះអង្គមុចុលឹង នៅគិរីរម្យ ដែលអ្នកដំណើរមិនអាចទៅហួសមកហួស
ជារៀងរាល់ថ្ងៃឈប់សម្រាក នៅចុងសប្តាហ៍ និង ឈប់សម្រាកក្នុងថ្ងៃបុណ្យជាតិម្តងៗ ប្រជាពលរដ្ឋមួយចំនួនតែងតែធ្វើដំណើរទៅលេងនៅរមណីយដ្ឋានឧទ្យានជាតិគិរីរម្យ ដែលមានទីតាំងស្ថិតនៅក្នុងភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រមាណជា ១១២ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
យ៉ាងណាមិញ មុននឹងឡើងទៅដល់កំពូលភ្នំ ឬ កន្លែងសម្រាកលម្ហែកាយ កន្លែងងូតទឹកលេងនោះ ភ្ញៀវទេសចរទាំងឡាយតែងតែធ្វើដំណើរឆ្លងកាត់ទីអាស្រមមួយ ដែលជាទីអាស្រមបារមី លោកយាយម៉ៅ និង បារមីព្រះអង្គមុចុលឹង ដែលភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ទីនោះមិនដែលធ្វើដំណើរទៅហួសឡើយ ដោយពួកគាត់តែងតែចូលទៅគោរពសក្ការៈ អុជ ទាន ធូប ដើម្បីបួងសួង ឬ បន់ស្រន់សុំសេចក្តីសុខសប្បាយដល់ក្រុមគ្រួសារ និង ការធ្វើដំណើររបស់ពួកគេ ព្រោះពួកគេបានល្បីតៗគ្នាមកថា បារមីលោកយាយម៉ៅ និង បារមីព្រះអង្គមុចុលឹងនេះ មានឫទ្ធានុភាពខ្លាំងពូកែណាស់ ។
ប្រជាពលរដ្ឋនៅក្នុងស្រុកភូមិនោះ តែងតែមានជំនឿយ៉ាងមុតមាំចំពោះបារមីលោកយាយម៉ៅ និង បារមីព្រះអង្គមុចុលឹងនេះ។ លោកយាយស្លៀកស ពាក់សម្នាក់ឈ្មោះ យាយធា ដែលអង្គុយចាំទទួលបច្ច័យពីភ្ញៀវទេសចរ ដែលមានសទ្ធាជ្រះថ្លាចូលបច្ច័យនៅក្បែរអាស្រមនោះដែរ បានប្រាប់ «ប្រជាប្រិយ» ថា ឱ្យតែដល់ថ្ងៃចុងសប្តាហ៍ ឬ ថ្ងៃឈប់សម្រាកបុណ្យជាតិម្តងៗ មានភ្ញៀវទេសចរមកពីទីជិតឆ្ងាយ តែងតែនាំគ្នាធ្វើដំណើរមកកម្សាន្តនៅរមណីយដ្ឋានឧទ្យានជាតិគិរីរម្យនេះយ៉ាងច្រើនកុះករ។ នៅពេលពួកគេធ្វើដំណើរមកដល់អាស្រមបារមីលោកយាយម៉ៅ និង បារមីព្រះអង្គមុចុលឹងនេះ ពួកគេមិនដែលទៅហួសម្តងណាឡើយ គឺតែងតែនាំគ្នាចូលអុជ ទាន ធូប ដើម្បីបួងសួងសុំសេចក្តីសុខសប្បាយដល់ការធ្វើដំណើររបស់ពួកគេ។ មានអ្នកខ្លះបានចូលមកអុជ ទាន ធូប បន់ស្រន់ចង់បានអ្វីមួយទៅតាមបំណងប្រាថ្នារបស់ពួកគេ។ ចំណែកអ្នកធ្វើការជាមន្ត្រីរាជការវិញ តែងតែចូលមកអុជ ទាន ធូប បួងសួង ឬ បន់ស្រន់សុំឱ្យបារមីលោកយាយម៉ៅ និង បារមីព្រះអង្គមុចុលឹងជួយឱ្យពួកគេឆាប់បានឡើងបុណ្យស័ក្កិ។ នៅពេលការបួងសួង ឬ ការបន់ស្រន់របស់ពួកគេ បានសម្រេចដូចបំណងប្រាថ្នាហើយនោះ ពួកគេតែងតែនាំយកនូវតង្វាយមកថ្វាយជូនបារមីទាំងនេះ មានដូចជា នំចំណី ផ្លែឈើ មាន់ស្ងោរ ក្បាលជ្រូក និង ជ្រូកខ្វៃ ជាដើម។
លោកយាយ ធា មានប្រសាសន៍បន្តទៀតថា បារមីលោកយាយម៉ៅ និង បារមីព្រះអង្គមុចុលឹងនេះ ពូកែស័ក្តិសិទ្ធណាស់ ហើយប្រជាពលរដ្ឋនៅក្នុងស្រុកភូមិនេះ តែងតែមានជំនឿលើបារមីទាំងពីរនេះយ៉ាងខ្លាំង ជាពិសេសនៅពេលពួកគេមានជំងឺ ឬ មានបញ្ហាបាត់បង់របស់របរអ្វីមួយនោះ គឺពួកគេតែងតែមកបន់ស្រន់នៅទីនេះ នៅពេលបន់ស្រន់ហើយគឺតែងតែសមប្រកបទៅតាមបំណងប្រាថ្នារបស់ពួកគេជានិច្ច ដូច្នេះហើយទើបពួកគេមានជំនឿ ហើយល្បីតៗគ្នារហូតមកដល់សព្វថ្ងៃនេះ។
បងប្រុស គីម សុធា ជាអ្នករស់នៅខេត្តកណ្តាល ដែលបានទៅលេងឧទ្យានជាតិគិរីរម្យ ហើយចូលទៅអុជធូបបន់ស្រន់នៅទីសក្ការៈបារមីលោកយាយម៉ៅ និង បារមីព្រះអង្គមុចុលឹងនោះដែរ បានមានប្រសាសន៍ថា ឱ្យតែខ្ញុំមកលេងនៅឧទ្យានជាតិគិរីរម្យនេះ ខ្ញុំតែងតែចូលមកអុជធូបបន់ស្រន់ដើម្បីសុំឱ្យបារមីលោកយាយម៉ៅ និង បារមីព្រះអង្គមុចុលឹងនេះ តាមជួយថែរក្សាដល់ក្រុមគ្រួសាររបស់ខ្ញុំឱ្យបានសុខសប្បាយ និង ត្រជាក់ត្រជុំកុំឱ្យមានជំងឺតម្កាត់អ្វីមកបៀតបៀនដល់ក្រុមគ្រួសាររបស់ខ្ញុំ ពេលយើងបន់ស្រន់ទៅ ក៏ចេះតែបានសុខសប្បាយរហូតមក។ ដូច្នេះឱ្យតែមកលេងនៅរមណីយដ្ឋានឧទ្យានជាតិគិរីរម្យនេះ ខ្ញុំ និង ក្រុមគ្រួសារតែងតែនាំគ្នាចូលមកអុជធូបបន់ស្រន់នៅទីនេះជាហូរហែ។
ទោះជាយ៉ាងណា មុននឹងបងប្អូនមានជំនឿលើអ្វីមួយ ក៏គួរតែធ្វើការពិចារណាផង ព្រោះមានជំនឿខ្លះធ្វើឱ្យបងប្អូនខាតបង់នូវប្រយោជន៍ និង ធ្វើឱ្យមានបញ្ហាដល់ក្រុមគ្រួសារក៏មាន ដូច្នេះកុំជឿលើរឿងរ៉ាវអបិយជំនឿងប់ងុលខ្លាំងពេក៕