ពិតណាស់ ស្របពេលកូនប្រុសស្រីទាំង ៥ ធំៗពេញរូបពេញរាង កាលពីចុងឆ្នាំ ២០២៤ កន្លងទៅ លោក ស៊ុក សុភា ក៏បានប្រកាសដំណឹងល្អក្នុងគ្រួសារបន្ថែមទៀត ដែលភរិយារបស់លោកបានពពោះកូនក្នុងផ្ទៃម្នាក់ទៀត ជាទាយាទទី ៦ នៃគ្រួសារ។
ក្រោយពីប្រកាសដំណឹងល្អប៉ុន្មានខែ មកដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥ នេះ ទីបំផុត លោក ស៊ុក សុភា និង ភរិយា បានឃើញមុខទាយាទទី ៦ ហើយ ជាកូនប្រុស ដែលអ្នកនាង Sarina Lucky Luy បានសម្រាលប្រកបដោយសុវត្ថិភាពហើយ។
តាមរយៈការបង្ហោះរបស់ភរិយាលោក ស៊ុក សុភា ទទួលស្វាគមន៍កូនប្រុសទី ៦ ពេញដោយក្ដីរំភើប ដែលកូនប្រុសរបស់អ្នកនាងមានមុខមាត់គួរឱ្យស្រឡាញ់ខ្លាំង ដោយអ្នកនាង និង លោក ស៊ុក សុភា បានដាក់ឈ្មោះឱ្យកូនប្រុសយ៉ាងពីរោះថា Lucas។
ក្នុងនោះ អ្នកនាង Sarina Lucky Luy បានសរសេរសារភ្ជាប់ជាមួយរូបភាពទាយាទទី ៦ យ៉ាងរំភើបថា ៖ «ទីបំផុតខ្ញុំបានឃើញមុខ កូនលាភ កូនទ្រព្យ មាសពេជ្ររបស់ខ្ញុំហើយ កូន Lucas របស់ខ្ញុំបានសម្រាលនាព្រឹកមិញ បាន ៣ គីឡូ ហើយយើងមានសុវត្ថិភាព ទាំងម្ដាយ ទាំងកូនទេបងប្អូន ពេលនេះខ្ញុំកំពុងត្រៀមយកកូនចូលក្នុងផ្ទះខ្ញុំហើយ បងៗកំពុងចាំកូនណាកូនប្រុសមាសម្ដាយ»។
ទន្ទឹមនឹងនោះដែរ មហាជន ក៏ដូចជាមិត្តក្នុងសិល្បៈជាច្រើន កំពុងបង្ហាញការចូលរួមអបអរសាទរដល់លោក ស៊ុក សុភា និង ភរិយា ដែលទើបតែទទួលបានកូនប្រុសយ៉ាងគួរឱ្យស្រឡាញ់រូបនេះ៕