បើគិតមកដល់ចុងឆ្នាំ ២០២៤ រយៈពេលប្រមាណជិត ៩ ខែហើយ ដែលម្ចាស់ជ័យលាភី Cambodia’s Got Talent រដូវកាលទី ១ លោក យឿន ពិសី បានប្រកាសចែកផ្លូវជាមួយអតីតភរិយា និង បានសាងចំណងស្នេហ៍ថ្មីជាមួយនឹងភរិយាក្រោយ។ ក្នុងនោះដែរ កូនប្រុសស្រី ដែលជាឈាមបង្កើតរបស់លោក និង អតីតភរិយា លោក យឿន ពិសី នៅតែបន្តផ្ដល់អាហារកិច្ចដល់ពួកគេដដែល។
ម្យ៉ាងវិញទៀត បើក្រឡេកទៅមើលទំនាក់ទំនងរវាងអតីតភរិយា និង ភរិយាក្រោយលោក យឿន ពិសី ក៏មានទំនាក់ទំនងល្អ ដោយសព្វថ្ងៃកូនប្រុសច្បងរបស់អ្នកទាំង ២ កំពុងរស់នៅជាមួយឪពុក និង មានការមើលថែពីម្តាយក្រោយ ជាភរិយាថ្មីរបស់លោក យឿន ពិសី ខណៈកូនស្រីទី ២ រស់នៅជាមួយម្តាយបង្កើត។
យ៉ាងណាមិញ នៅចុងឆ្នាំ ២០២៤ នេះ លោក យឿន ពិសី និង ភរិយាក្រោយ បានប្រកាសដំណឹងល្អ ដោយអ្នកទាំង ២ នឹងដឹកដៃគ្នាចូលរោងការតាមប្រពៃណី នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ៕