បន្ទាប់ពីរង់ចាំជាច្រើនខែដោយក្ដីរំភើប ទីបំផុត តារាសម្ដែងលោក ប៉ាន់ ខែមម៉ានូ តួឯកប្រុសក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» បានឃើញមុខទាយាទដំបូងហើយជាកូនប្រុស ដែលភរិយារបស់លោកបានសម្រាលប្រកបដោយសុវត្ថិភាពតាមធម្មជាតិនៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥។
តាមរយៈការបង្ហោះចែករំលែករូបភាពលើហ្វេសប៊ុករបស់លោក ប៉ាន់ ខែមម៉ានូ ដែលបង្ហាញការស្វាគមន៍កូនប្រុសដំបូងរបស់លោកពេញដោយក្ដីរំភើប ដោយឃើញថាកូនប្រុសមានមុខមាត់ទ្រលុកទ្រលន់គួរឱ្យស្រឡាញ់ខ្លាំង និង បានដាក់ឈ្មោះឱ្យអូនតូចថា ប៉ាន់ខែម នរិន្ទ។
ក្នុងនោះលោក ប៉ាន់ ខែមម៉ានូ បានបង្ហោះរៀបរាប់ថា ៖ «សូមស្វាគមន៍កូនប្រុសជាទីស្រឡាញ់ ប៉ាន់ខែម នរិន្ទ (PANNKHEM NORIN) កើតនៅថ្ងៃចន្ទ ១៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ១៥ ៖៤៧ នាទី។ បងសូមអរគុណប្រពន្ធសម្លាញ់ និង សូមកោតសរសើរដ៏ស្មោះ ចំពោះការលះបង់ដ៏ធំធេង និង មានតម្លៃបំផុត មិនអាចកាត់ថ្លៃបានរបស់អូន ដើម្បីក្រុមគ្រួសារយើង។ គុណទឹកដោះម្ដាយថ្លៃ កូនទាំងពីរសូមគោរពដឹងគុណ លោកឪពុកអ្នកម្តាយទាំងសងខាង បងប្រុស បងស្រី ប្អូនៗ ក្នុងគ្រួសារទាំងអស់ ដែលបានឧបត្ថម្ភ គាំទ្រ លើកទឹកចិត្ត ជ្រោមជ្រែង ថែរក្សា យកចិត្តទុកដាក់ ផ្ដល់ភាពកក់ក្ដៅដល់យើងខ្ញុំ»។
ទន្ទឹមនឹងនេះដែរ មហាជន ក៏ដូចជាមិត្តក្នុងសិល្បៈជាច្រើន កំពុងបង្ហាញការចូលរួមអបអរសាទរដល់តារាសម្ដែងប្រុសរូបនេះ និង ភរិយា ដែលទើបតែទទួលបានកូនដំបូងយ៉ាងគួរឱ្យក្នាញ់រូបនេះផងដែរ៕