និយាយពីជីវិតឯកជនទាក់ទងនឹងរឿងស្នេហារបស់តារាចម្រៀងប្រុស ម៉ា ច័ន្ទបញ្ញា មកដល់ពេលនេះ ជាង ២ ឆ្នាំហើយ ដែលលោកបានបើកបង្ហាញទំនាក់ទំនងជាសាធារណៈជាមួយគូស្នេហ៍ថ្មីដ៏ស្រស់ស្អាតមានឈ្មោះថា ពេជ្រ រស្មី ដែលបានសាងចំណងស្នេហាយ៉ាងផ្អែមល្ហែមបង្ហាញលើបណ្ដាញសង្គមជាហូរហែ។
ដោយឡែក ក្រោយទាក់ទងមើលចិត្តគ្នាប៉ុន្មានឆ្នាំ មកដល់ថ្មីៗនេះ តារាចម្រៀង ម៉ា ច័ន្ទបញ្ញា បានធ្វើមហាជនអ្នកគាំទ្របង្ហាញការអបអរខ្លាំង ក្រោយទទួលដំណឹងថា លោកបានដឹកដៃគូស្នេហ៍រូបស្រស់រៀបចំកម្មពិធីភ្ជាប់ពាក្យតាមប្រពៃណីនៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ នេះហើយ។
តាមរយៈការបង្ហោះជូនដំណឹងនេះដែរ លោក ម៉ា ច័ន្ទបញ្ញា ក៏បានបញ្ជាក់ឱ្យដឹងថាកម្មវិធីភ្ជាប់ពាក្យរបស់លោក រៀបចំឡើងជាលក្ខណៈសាមញ្ញរយៈពេលខ្លី និង អញ្ជើញភ្ញៀវកិត្តិយសចូលរួមមានកំណត់ផងដែរ។
ក្នុងនោះ លោក ម៉ា ច័ន្ទបញ្ញា បានរៀបរាប់ថា ៖ «ជួបគ្នាថ្ងៃស្អែក ២១ មិថុនា ២០២៥! វេលាម៉ោង៨ព្រឹក! យើងខ្ញុំទាំងពីរក្រុមគ្រួសារ សូមគោរពអញ្ជើញភ្ញៀវកិត្តិយសទាំងឡាយដែលឋិតក្នុងបញ្ជីដ៏មានកំណត់របស់យើងខ្ញុំ ជួបគ្នានៅថ្ងៃស្អែក ដ្បិតកម្មវិធីបានរៀបចំក្នុងរយៈពេលខ្លី និង មានកំណត់ យើងខ្ញុំសូមអភ័យទោស ចំពោះការរៀបចំខ្វះខាត ឬ ឆ្គាំឆ្គងណាមួយ និង សូមអធ្យាស្រ័យ រាល់ភ្ញៀវដែលយើងខ្ញុំមិនបានអញ្ជើញ ដោយហេតុដូចបានជម្រាបខាងលើ និង មិនហ៊ានរំខាន។ ជាថ្មីម្ដងទៀត យើងខ្ញុំ សូមថ្លែងអំណរគុណទុកជាមុន ចំពោះការផ្ដល់កិត្តិយស និង ការយោគយល់ ចំពោះយើងខ្ញុំ។ ជួបគ្នានៅថ្ងៃស្អែក!»៕