ថ្មីៗនេះ Influencer ល្បីរបស់ថៃ បានប្រព្រឹត្តទង្វើដ៏គួរឱ្យហួសចិត្តសាជាថ្មីនៅឯព្រំដែនភូមិព្រៃចាន់ និងភូមិជោគជ័យ គឺបានយកបាសមកបើកបំពងសំឡេងខ្មោចព្រាយទាំងយប់ ក្នុងបំណងបន្លាចបំភ័យឱ្យប្រជាជនខ្មែរចាកចេញពីទីនោះ។
យ៉ាងណាមិញ ក្នុងនោះមានស្រ្តីជាសមាជិកសភាម្នាក់ឈ្មោះថា Angkana បានចេញមុខមកបង្ហាញការមិនពេញចិត្តចំពោះទង្វើនេះថា ហេតុអ្វីរដ្ឋាភិបាលអនុញ្ញាតឱ្យបុគ្គល Influencer ចូលទៅប្រព្រឹត្តទង្វើបែបនេះនៅជាយដែន ព្រោះយោងនិយមន័យរបស់អង្គការសហប្រជាជាតិ ទង្វើនេះគឺការធ្វើទារុណកម្មផ្លូវចិត្តដល់ប្រជាជនខ្មែរ លើសពីនេះទៅទៀតកម្ពុជាបានដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិរួចទៅហើយ ដែលនេះអាចធ្វើឱ្យប៉ះពាល់ដល់មុខមាត់ និងការចរចារបស់ប្រទេសថៃ។
ដោយឡែក Gun Jompalang បានបោះសម្តីតបទៅ វិញយ៉ាងឌឺដងថា កុំមកខ្លាំងតែជាមួយប្រជាជនថៃ ម្តេចមិនទៅខ្លាំងជាមួយប្រជាជនខ្មែរផង ហើយបើទោះជាយ៉ាងណាក្តីខ្លួននឹងបន្តសកម្មភាពតទៅទៀត ព្រោះប្រជាជនថៃអស់ការអត់ធ្មត់ហើយ ម្យ៉ាងទៀត អ្នកធ្វើគឺមិននិយាយ ឯអ្នកនិយាយគឺមិនដែលធ្វើនោះទេ៕
ប្រភព៖ CH7