កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ អាជ្ញាធរប៉ូលិសនៅថៃ បានចុះចាប់ខ្លួនបុរសជាហាយសូរ ដែលជាអតីតសកម្មជននយោបាយវ័យក្មេងម្នាក់ ក្នុងករណីមានកាំភ្លើងរហូតដល់ ២០ ដើមនៅក្នុងផ្ទះ ព្រមទាំងប្រើប្រាស់គ្រឿងញៀន។
តាមព័ត៌មានបានឱ្យដឹងថា បុរសខាងលើនេះមានឈ្មោះថាហាយសូរ Luk Nat វ័យ ៣៣ ឆ្នាំ គឺជាអតីតសកម្មជននយោបាយមួយរូបនៅក្នុងប្រទេសថៃ ដែលមានកំណើតនៅក្នុងគ្រួសារអ្នកមានត្រកូលស្តុកស្តម្ភ។ ប៉ូលិសបានធ្វើការចុះទៅឆែកឆេរផ្ទះរបស់ហាយសូររូបនេះ ក្រោយពីមានស្រ្តីម្នាក់បានទៅប្តឹងថា បុរសរូបនេះបានបង្ខំឱ្យខ្លួនប្រើប្រាស់គ្រឿងញៀន ដោយយកកាំភ្លើងមកគំរាម ដែលហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្ទះបុរសនេះផ្ទាល់។
យ៉ាងណាមិញ ក្នុងការឆែកឆេរក្នុងផ្ទះ ប៉ូលិសបានរកឃើញថាបុរសនេះមានកាំភ្លើងទំនើបៗប្រភេទផ្សេងៗគ្នារហូតដល់ទៅ ២០ ដើម និងគ្រាប់ជាច្រើនទៀត ព្រមទាំងគ្រឿងញឿនប្រភេទកូកាអ៊ីន។ ដោយឡែក ជាបឋមបុរសនេះត្រូវប៉ូលិសឃាត់ខ្លួន ក្នុងករណីគ្រប់គ្រងអាវុធដោយគ្មានការអនុញ្ញាត និង មានគ្រឿងញៀនកូកាអ៊ីដោយខុសច្បាប់៕
ប្រភព៖ Thairath