កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ មានករណីមួយនៅប្រទេសថៃ ដែលស្រ្តីម្នាក់យកដបស្រាវាយប្តីទាល់តែបែកក្បាល ក្រោយកើតកំហឹងពីការទះតប់ក្បាលគ្នាលេង ខណៈអង្គុយផឹកស្រាជាមួយគ្នា។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះបានកើតឡើងនៅខេត្តសាមុតប្រាកាន ដោយប្តីប្រពន្ធខាងលើមានវ័យ ៣៤ ឆ្នាំដូចគ្នា។ នៅថ្ងៃកើតហេតុប្តីប្រពន្ធគូនេះ បានអង្គុយហូបបាយ និង ផឹកស្រាជាមួយម្តាយក្មេក និង ប្អូនថ្លៃ ហើយក៏បានលេងសើចជាមួយគ្នា ដោយប្រពន្ធបានទះក្បាលប្តីលេង ប្តីក៏បានទះវិញ លុះទះចុះឡើង ស្រាប់តែស្រ្តីជាប្រពន្ធកើតជាកំហឹង ហើយបានទាញដបស្រាវាយក្បាលប្តីដល់បែកហូរឈាម រីឯខ្លួនឯងក៏របួសដូចគ្នា។

យ៉ាងណាមិញ អាជ្ញាធរក៏បានចុះមកអន្តរាគមន៍ ដោយបានសួរនាំ និង លាងរបួសឱ្យ ហើយក៏បញ្ជូនប្តីប្រពន្ធទាំងគូទៅមន្ទីរពេទ្យដែរ ប៉ុន្តែពួកគេមិនព្រម។ ដោយឡែក ចុងក្រោយប្តីប្រពន្ធគូនេះក៏បានសម្រួលគ្នាវិញ៕

ប្រភព៖ AMARINTV