ក្រោយពីមានការត្រួតពិនិត្យឃើញថាផលិតផលក្លងថ្នាំហឺតហង្សថៃ មានផ្ទុកមេរោគបាក់តេរី ពេលនេះខាងរដ្ឋបាលចំណីអាហារ និងឱសថរបស់ថៃ បានបុកទៅរឹបអូសយកផលិតផលហង្សថៃចំនួនជាង ២ លានក្លង ពីរោងចក្រផ្ទាល់ ដែលតម្លៃសរុបជាង ១០០ លានបាត។

ក្នុងនោះ ចំណីអាហារ និងឱសថ សហការជាមួយនឹងនគរបាលការពារអ្នកប្រើប្រាស់ បានចុះទៅដល់ទីតាំងចំនួន ៤ របស់ក្រុមហ៊ុនហង្សថៃ ដែលជាកន្លែងផលិតផ្ទាល់ ហើយរកឃើញថាខាងក្រុមហ៊ុនបានលួចបើកកន្លែងផលិតផ្សេងថែមទៀត ក្រៅពីកន្លែងដែលធ្លាប់បានសុំអាជ្ញាប័ណ្ណ។ ជាលទ្ធផល ផលិតផលហង្សថៃប្រមាណជាង ២.៣៥ លានក្លង ដែលមានតម្លៃជាង ១០០ លានបាតត្រូវបានរឹបអូស ក្រោមការចោទប្រកាន់ពីបទ ការផលិតផលិតផលនៅក្នុងទីតាំងដែលគ្មានអាជ្ញាប័ណ្ណ ដែលត្រូវបានចាត់ទុកថាជារោងចក្រខុសច្បាប់។

យ៉ាងណាមិញ លោក Thiraphong ដែលជាម្ចាស់ក្រុមហ៊ុនបានឱ្យដឹងថាលោកមិនមានបំណងលាក់បាំងទេ តែដោយសារតែមានការកុម្ម៉ង់ទិញច្រើនពេក ទើបសម្រេចចិត្តបង្កើតកន្លែងផលិតថ្មីដោយមិនទាន់សុំការអនុញ្ញាត។ Thiraphong ក៏បានបង្ហាញការសោកស្តាយថា អាជីវកម្មរបស់ដែលខំសាងមករយៈពេល ២០ ឆ្នាំ ត្រូវបានបំផ្លាញត្រឹមតែ ២ ថ្ងៃ ហើយលោកប៉ាន់ស្មានថាពេលនេះអតិថិជនបានបាត់បង់អស់ជាង ៩០ ភាគរយទៅហើយ ហើយលោកក៏បានសុំចិត្តមហាជនកុំឱ្យមានការជាន់ពន្លិច លោកនឹងព្យាយាមកែលម្អឱ្យប្រសើរឡើងវិញ៕




ប្រភព៖ Kapook
 
				 
															 
															 
															 
															 
															 
															 
															 
															