នៅសល់រយៈពេលប្រមាណជាង ១ សប្តាហ៍ទៀតប៉ុណ្ណោះ ដំណើរនៃការប្រកួតកម្មវិធីបវរកញ្ញាលំដាប់ពិភពលោក Miss Universe 2025 លើកទី ៧៤ បាននឹងមកដល់ហើយ ដោយរៀបចំនៅប្រទេសថៃ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុននេះ។
ងាកទៅកាន់ ម្ចាស់មកុដ Miss Universe Cambodia 2025 អ្នកនាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការតំណាងឱ្យកម្ពុជា ដោយបវរកញ្ញារូបនេះ បាន និង កំពុងហ្វឹកហាត់ពេញទំហឹងទាំងសមត្ថភាព និង ការរៀបចំខ្លួន ក៏ដូចជាឈុតសម្លៀកបំពាក់ផ្សេងៗត្រៀមយកទៅប្រកួតលើឆាកអន្តរជាតិមួយនេះ។
យ៉ាងណាមិញ ក្រឡេកទៅមើលផេកផ្លូវការរបស់ Miss Universe ឯណោះវិញ បាន និង កំពុងបង្ហោះនូវរូបភាព ក៏ដូចជាវីដេអូរបស់បេក្ខភាពជាម្ចាស់មកុដតាមបណ្តាប្រទេសនានា ដែលចូលរួមជាបន្តបន្ទាប់ ហើយក្នុងនោះ ក៏មានប្រទេសកម្ពុជាដែរ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ ផេកផ្លូវការ Miss Universe បានបង្ហោះវីដេអូ នៃថ្ងៃគ្រងមកុដរបស់ Miss Universe Cambodia 2025 ថៃ នារីសុជាតា ព្រមទាំងភ្ជាប់សារជាភាសាអង់គ្លេស ដែលមានអត្ថន័យថា៖ «អបអរសាទរ Miss Universe Cambodia 2025 ហ្វីយ៉ាតា! រឿងរបស់អ្នក ឆ្លុះបញ្ចាំងពីភាពស្រស់ស្អាត និងបេះដូងនៃប្រទេសកម្ពុជា។ បោះជំហានទៅមុខដោយភាពជឿជាក់ និង បន្តលើកទឹកចិត្តពិភពលោក Queen»។ ក្នុងនោះ ក្រោយផេក MU បានបង្ហោះខ្លឹមសារបែបនេះ អ្នកនាង ហ្វីយ៉ាតា កាន់តែមានភាពជឿជាក់កាន់តែខ្លាំង នៃដំណើរក្នុងការប្រកួតរបស់នាងលើឆាកអន្តរជាតិខាងមុខនេះ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖