ពិតជាធ្វើឱ្យមហាជនមានការហួសចិត្តមិនស្ទើរឡើយ ដែលខំតែអាណិតបុរសម្នាក់ ដែលអះអាងថាប្រពន្ធពោះធំ ៤ ខែបានជាប់នៅក្នុងអគារ ៣០ ជាន់ដែលរលំនៅថៃ តាមពិតទៅ គ្រាន់តែជាជនឆ្លៀតឱកាស ដើម្បីចង់បានលុយបរិច្ចាគប៉ុណ្ណោះ។

តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះមានវ័យ ៥០ ឆ្នាំ បានមកសម្រក់ទឹកភ្នែក និង កាន់កាតបុគ្គលិកស្រីម្នាក់មកប្រាប់អាជ្ញាធរថាជាប្រពន្ធរបស់ខ្លួន ដែលកំពុងពោះធំ ៤ ខែ ហើយកំពុងតែជាប់ក្នុងអគារខាងលើ។ ក្នុងនោះ ខាងអាជ្ញាធរមានការសង្ស័យ ទើបបានឃាត់ខ្លួនមកសួរនាំ ទើបដឹងថាបុរសរូបនេះមិនមានប្រពន្ធជាប់ក្នុងអគារឡើយ ចំណែកកាតនោះក៏រើសបាន ទើបនឹកឃើញយកមកអះអាងកុហកបែបនេះ។

យ៉ាងណាមិញ ចុងក្រោយម្ចាស់កាតបានដាក់ពាក្យបណ្តឹង ហើយក្នុងនោះខាងប៉ូលិសក៏បានទាក់ទងទៅអ្នកដែលធ្លាប់បរិច្ចាគលុយឱ្យបុរសរូបនេះកន្លងមក ឱ្យមកដាក់ពាក្យបណ្តឹងក្នុងបទឆបោកផងដែរ។ ដោយឡែក បុរសខាងលើនេះ បានត្រឹមតែលើកដៃសុំទោសជនរងគ្រោះ សុំទោសអ្នកសារព័ត៌មាន និងសាធារណជន ហើយអះអាងថាខ្លួនគ្មានចេតនាឆបោកឡើយ៕


ប្រភព៖ Thairath