ជារឿងរ៉ាវមួយ ដែលកំពុងបង្កឱ្យមានភាពក្តៅគគុកនៅលើបណ្តាញសង្គមរបស់ប្រទេសចិន បន្ទាប់ពីនារីម្នាក់ និង មិត្តភក្ដិបានចូលហាងអាហារមួយកន្លែង ស្រាប់តែគិតលុយទៅក៏ឃើញថាមាន់មួយចំហៀងមានតម្លៃដល់ជាង ៦០ ដុល្លារ ហើយខាងហាងយកលេសថា ជាមាន់ល្អ ចិញ្ចឹមដោយឱ្យផឹកទឹកដោះគោ និង បើកភ្លេងឱ្យស្តាប់។
នារីរូបនេះបានរៀបរាប់ឱ្យដឹងថា នាងបានចូលហាងអាហារមួយនៅទីក្រុងសៀងហៃជាមួយមិត្តភក្តិ នៅពេលទទួលទានរួច នាងក៏ទៅគិតលុយស្រាប់តែឃើញថាមីនុយមាន់មួយចំហៀងដែលនាងញ៉ាំទៅអម្បាញ់មិញ មានតម្លៃដល់ទៅ ៤៨០ យ័ន ឬ ៦៦ ដុល្លារឯណោះ។ នាងពិតជាហួសចិត្តខ្លាំងណាស់ ក៏បានសួរនាំខាងហាង ហើយខាងហាងបានប្រាប់ថានេះគឺជាមាន់ព្រះអាទិត្យ ដែលចិញ្ចឹមមកយ៉ាងល្អដោយឱ្យផឹកទឹកដោះគោ និង បើកភ្លេងឱ្យស្តាប់ដើម្បីបំបាត់ស្រ្តេសជាប្រចាំ។
នារីរូបនេះ រួមទាំងមិត្តភក្តិបានសួរនាំខាងហាងចុះឡើងៗ រហូតដល់ខាងហាងយកលេសលែងចង់ឆ្លើយ និង ហាក់ដូចជាមិនពេញចិត្តចំពោះនាងឡើយ។ យ៉ាងណាមិញ នាងបានយករឿងនេះមកចែកចាយនៅតាមបណ្តាញសង្គម ដែលធ្វើឱ្យមហាជនឃើញហើយក៏ហួសចិត្តមិនស្ទើរ ហើយម្នាក់ៗពិតជាមិនជឿសម្តីខាងហាងនោះទេ៕
ប្រភព៖ Khaosod