នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ មានករណីព្រះសង្ឃចំនួន ១៤ អង្គ យាយជី ២ នាក់ បានពុលផ្សិត ក្រោយញាតិញោមធ្វើចង្ហាន់ដើម្បីប្រគេនព្រះសង្ឃនៅវត្តច័ន្ទគីរី ឆាន់នៅពេលថ្ងៃត្រង់។
ក្រោយមានអាការពុល បន្ទាប់ពីឆាន់ចង្ហាន់ ព្រះសង្ឃ និង ដូនជី ត្រូវបាននិមន្ត និង បញ្ជូនចូលទៅសម្រាកព្យាបាល នៅមណ្ឌលសុខភាពឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។
បច្ចុប្បន្ន នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះ បើតាមការឱ្យដឹងពីលោក លី វណ្ណ: នាយករដ្ឋបាលខេត្តសៀមរាប និង ជាអ្នកនាំពាក្យ បានស្រង់ប្រសាសន៍របស់លោក គ្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ដោយបញ្ជាក់ថា ករណីព្រះសង្ឃដែលបានពុលផ្សិតកាលពីម្សិលមិញ បានវិលត្រឡប់ទៅកាន់វត្តច័ន្ទគីរីវិញហើយ បន្ទាប់ពីបានជួយសង្គ្រោះពីក្រុមគ្រូពេទ្យ៕
ប្រភព និង រូបភាព ៖ Post News-សៀមរាបប៉ុស្តិ៍