តាមពិត ហុងស៊ុយ មិនមែនជំនឿសាសនាទេ អ្នកគ្រូ ឡុង ណាលី ពន្យល់ច្បាស់ៗយ៉ាងដូច្នេះ
នៅពេលនិយាយដល់ពាក្យថា «ហុងស៊ុយ» បងប្អូនខ្មែរកាត់សែស្រឡាយចិនតែងយកវាមកគិតគូរយ៉ាងល្អិតល្អន់នៅពេលធ្វើអ្វីមួយមិនថានៅក្នុងការរស់នៅ ការប្រកបការងារ និងការរកស៊ី ដើម្បីឱ្យរីកចម្រើនសុខសប្បាយជាដើម។ មនុស្សភាគច្រើនតែងគិតថា ហុងស៊ុយគឺវាពាក់ព័ន្ធទៅនឹងជំនឿសាសនាបែបជនជាតិចិន ឯខ្លះទៀតគិតថាវាជាទំនៀមនៃការជឿតតគ្នាពីដូនតាមួយទៅដូនតាមួយរបស់គ្រួសារចិន តែតាមពិតទៅ តាមការពន្យល់ពី អ្នកគ្រូ ឡុង ណាលី ជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រល្បីឈ្មោះនៅកម្ពុជាគឺមិនដូច្នោះទេ។
អ្នកគ្រូ ឡុង ណាលី ពន្យល់ពីហុងស៊ុយបែបវិទ្យាសាស្ត្រយ៉ាងខ្លីថា មនុស្សភាគច្រើនតែងយល់ច្រឡំថា ហុងស៊ុយ គឺវាពាក់ព័ន្ធទៅនឹងជំនឿសាសនាបែបជនជាតិចិន តែតាមការពិតទៅ ហុងស៊ុយ (Feng Shui) ជាមុខវិជ្ជាវិទ្យាសាស្រ្តដែលកើតចេញពីពាក្យថា «Feng» និង «Shui» ដែលមានន័យថា ខ្យល់ និង ទឹក ពោលគឺជាការរៀបគណនាទិសខ្យល់ហើយនិងទឹកតាមទិសអង្សាហេងឬស៊យរបស់តារាសាស្ត្រ មិនមែនជាការបន់ស្រន់សែនព្រេន អុជធូប ដុតក្រដាសតាមជំនឿប្រពៃណីបុរាណនោះទេ។
គួរឱ្យដឹងដែរថា អ្នកគ្រូ ឡុង ណាលី ជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រតែម្នាក់គត់តំណាងឱ្យកម្ពុជាដែលបានក្លាយជាសមាជិកពេញសិទ្ធិរបស់ស្ថាប័នហុងស៊ុយពិភពលោកកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យហុងស៊ុយនេះ៕