ពិធីបុណ្យចូលឆ្នាំចិន ២០២៥ នឹងឈានចូលមកដល់នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៥ ស្អែកនេះ ខណៈប្រជាជនចិន រួមទាំងបងប្អូនជនជាតិខ្មែរសែស្រឡាយចិននៅកម្ពុជា នាំគ្នាត្រៀមរៀបចំពិធីបុណ្យនេះជាបណ្ដើរៗ ដើម្បីអបអរឆ្នាំថ្មី ប្រពៃណីរបស់ជនជាតិចិន។
កៀកនឹងថ្ងៃពិធីបុណ្យសែនចូលឆ្នាំចិនខិតជិតមកដល់ តាមរយៈផេក ហុងស៊ុយ របស់លោកគ្រូចិនសែ ម៉ុង ក៏បានចែករំលែកអំពីត្រណមមួយចំនួន ដែលពុំគួរធ្វើកំឡុងថ្ងៃបុណ្យចូលឆ្នាំចិន ដែលមានដូចជា ៖
១. ហាមបោកខោអាវ
ទេវតាបណ្ដែតលាភសំណាងតាមទឹកដើម្បីឱ្យកូនចៅរបស់លោកងូតទឹក ឬប្រើប្រាស់ គឺសុទ្ធតែទទួលបានលាភសំណាងពេញមួយឆ្នាំ ដូចនេះបើអ្នកបោកខោអាវ ឬ ជូតទឹក គឺអ្នកហាក់ដូចជាប្រមាថ ថែមទាំងហាក់ដូចជាបោកលាភសំណាងឱ្យចេញពីខ្លួនអ្នកដូចគ្នា។
២. ហាមគេងខ្ជិលលើគ្រែ
អ្នកអាចគេងយូរបាន តែហាមភ្ញាក់ពីគេងហើយនៅតែមិនព្រមងើបទៅងូតទឹកទើបខុស បើមិនដូចនេះទេ ក្នុងឆ្នាំថ្មីនេះអ្នកអាចខ្ជិល រកស៊ីចាប់ឱកាសមិនទាន់គេ ធ្វើអ្វីៗយូរថ្ងៃ យូរខែ ទើបទទួលផល។
៣. ហាមបោសសំរាម
ដោយសារនៅយប់ថ្ងៃទី ២៨ ដែលជាថ្ងៃសែននេះ ពេលយប់ទេវតាទ្រព្យលោកចុះមកឋានមនុស្សយើង ដើម្បីចែកមាស ចែកទ្រព្យគ្រប់ៗផ្ទះ បើអ្នកបោសសំរាម មានន័យអ្នកអាចបោសប៉ះមាស បោសប៉ះទ្រព្យសម្យត្តិដែលទេវតាទ្រព្យបោះឱ្យនោះយកទៅចោលបាត់។ តែបើសំរាមអ្នកច្រើន អ្នកអាចបោសដើរចូលក្នុងផ្ទះវិញ ហើយសំរាមនោះទុកក្នុងផ្ទះសិន តែបើសំរាមប្រភេទងាយរលួយ ងាយចេញស្អុយ អ្នកអាចយកទៅបោះចោលបាន។
៤. ហាមធ្វើឱ្យបែកបាក់ របស់នានាក្នុងផ្ទះ
បើអ្នកធ្វើឱ្យបែកបាក់របស់អ្វីមួយក្នុងផ្ទះ គឺជាហេតុមិនល្អ ភាគច្រើន ប៉ះលើការបែកបាក់ ឬ ខាតបង់លុយកាក់ដោយសារបញ្ហាបន្ទាន់។ បើអ្នកមិនប្រយ័ត្ន ហើយធ្ចើឱ្យបែករបស់អ្វីមួយ ភ្លាមៗអ្នកត្រូវស្រែកថា ហេងហេង ហេងហេង ហេងហេង ឬ រីកផ្កាកើតទ្រព្យ បន្ទាប់មកយកក្រដាសក្រហមមកខ្ជប់បំណែកបែកបាក់នោះយកទៅចោល នោះគឺគ្រប់យ៉ាងល្អប្រសើរឡើងវិញ។
៥. ហាមគេងថ្ងៃ
ការគេងថ្ងៃ គឹអាចធ្វើឱ្យបាត់បង់ស្មារតីក្នុងរកស៊ី ឬធ្វើការងារផ្សេងថែមទាំងអ្នកប្រែជាខ្ជិលជាងឆ្នាំមុនៗ។
៦. ហាមខ្ចីលុយអ្នកដទៃ
ងាយយល់ណាស់ បើអ្នកខ្ចីលុយក្នុងថ្ងៃចូលឆ្នាំនេះ ក្នុងឆ្នាំនេះអ្នកអាចមានបញ្ហាលុយកាក់មិនថានៅកន្លែងធ្វើការ ឬនៅផ្ទះនោះទេ។ សំដៅលើបញ្ហាចរន្តលុយហូរអត់ទាន់។
៧. ហាមជេរអ្នកដទៃ ជាពិសេសកូនក្មេង
អ្នកជេរអ្នកដទៃកាន់តែច្រើន អ្នកដែលស៊យគឺជាអ្នក ចិត្តអ្នកក្ដៅក្រហាយជាងឆ្នាំមុន មួម៉ៅជាងផ្ទះ ឬអាចមានបញ្ហាឡើងតុលាការជាប់គុកជាប់ច្រវាក់ ដោយសារតែសំដី។
៨. កុំប្រើកន្ត្រៃ ឬឧបករណ៍ប្រភេទកាត់ផ្តាច់ច្រើនពេក
ព្រោះគេជឿថា អ្នកកំពុងកាត់ផ្លូវហូរនៃលុយកាក់ លាភសំណាង របស់អ្នកឱ្យដាច់។
៩. កុំឱ្យត្រូវរបួស
ដោយគេជឿថា អ្នកអាចជាមិនមានសុវត្ថិភាពនោះ អ្នកមានរបួស ឬ គ្រោះថ្នាក់ចៃដន្យណាមួយកើតឡើង។
១០. ហាមផឹកថ្នាំ
បើមិនចាំបាច់ទេ កុំផឹកថ្នាំអី ក្នុងថ្ងៃចូលឆ្នាំនេះ ព្រោះគេជឿថា អ្នកមានសុខភាពមិនល្អ ងាយឈឺនេះ ងាយឈឺនោះ។
១១. ហាមកាត់សក់
ព្រោះគេជឿថា ការកាត់សក់ គឺជាការកាន់ទុក្ខនរណាម្នាក់ តែបើកាត់មុនថ្ងៃសែនចូលឆ្នាំចិនវិញគឹបាន គឺកាត់រឿងអាក្រក់ៗចេញវិញ។
១២. ហាមទៅពិនិត្យសុខភាព
ក្នុងន័យនេះមានន័យថា កុំទៅពិនិត្យសុខភាពក្នុងថ្ងៃចូលឆ្នាំចិន ៣ ថ្ងៃតែប៉ុណ្ណោះ បើមិនចាំបាច់៕
ប្រភព ៖ ហុងស៊ុយ