មហាជននិយមតាមដានពីកញ្ញា សាន្ត កុសុមៈ ធីតាឯកសង្រ្កាន្ត ឆ្នាំ ២០២១ និង ជាតារាស្រីកំពុងមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ននេះ ច្បាស់ជាបានជ្រាបហើយពីចំណេះដឹងរបស់នាង ដែលអាចនិយាយបានដល់ទៅ ៤ ភាសាបានយ៉ាងស្ទាត់ជំនាញ។ លើសពីនោះ ថ្មីៗនេះ សាន្ត កុសុមៈ ក៏ទើបតែបញ្ចប់ និង ទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រថែមទៀតផង។

ជាការពិត បើទោះជាមមាញឹកក្នុងការងារសិល្បៈសឹថគ្មានពេលទំនេរក៏ពិតមែន ប៉ុន្តែមហាជនតែងសរសើរពីការប្រឹងប្រែងសិក្សារបស់កញ្ញា សាន្ត កុសុមៈ ជានិច្ច។

ក្នុងនោះ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលទៀតនោះ ថ្មីៗនេះនៅលើផេកផ្លូវការរបស់ក្រសួងមុខងារសាធារណៈ បានប្រកាសលទ្ធផល និង អបអរសាទរដល់បេក្ខជនជាប់ស្ថាពរ នៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ដោយក្នុងនោះ ក៏មានកញ្ញា សាន្ត កុសុមៈ មួយរូបដែរ។

គួរជម្រាបថា កញ្ញា សាន្ត កុសុមៈ បានជាប់ជាស្ថាពរនៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ នៃគ្រិះស្ថានបឋមសិក្សាសាធារណៈនាឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ៕




