សារព័ត៌មានបរទេស បានរាយការណ៍ពីករណីដែលសួនសត្វមួយនៅប្រទេសចិន បានប្រកាសហាមមិនឱ្យភ្ញៀវយកទូរស័ព្ទឱ្យសត្វស្វាមួយក្បាលមើលទៀត ព្រោះតែខ្លាចវាមានបញ្ហាភ្នែក។
តាមព័ត៌មានបានឱ្យដឹងថា សត្វស្វាខាងលើនេះមានឈ្មោះថា TingTing អាយុ ២ ឆ្នាំ ជាស្វាប្រភេទ chimpanzee ស្ថិតនៅក្នុងសួនសត្វមួយកន្លែងនាទីក្រុងសៀងសៃ។ មួយរយៈក្រោយមកនេះ មានការល្បីល្បាញជាខ្លាំង ដោយសារតែភាពគួរឱ្យស្រឡាញ់របស់វា ហើយថ្មីៗនេះគេចាប់អារម្មណ៍ឃើញថា TingTing ចាប់ផ្តើមជក់មើលទូរស័ព្ទយ៉ាងចម្លែក ក្រោយពីមានភ្ញៀវម្នាក់បានយកទូរស័ព្ទឱ្យវាមើលវីដេអូខ្លីៗនៅលើបណ្តាញសង្គម ហើយភ្ញៀវផ្សេងទៀតក៏នាំគ្នាធ្វើតាម។
យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ ខាងសួនសត្វក៏បានដាក់ផ្លាកហាមដាស់តឿន កុំឱ្យភ្ញៀវឱ្យវាមើលទូរស័ព្ទទៀត ដោយខ្លាចវាមានបញ្ហាភ្នែក និងជាពិសេសបើសិនជាវាមើលលែងឃើញ ឬទាក់ទងជាមួយមនុស្សមិនបាន វានឹងកើតទៅជាការតប់ប្រមល់ ហើយប៉ះពាល់ទៅដល់សុខភាព៕
ប្រភព៖ SCMP