ថ្មីៗនេះ មានករណីដ៏មិននឹកស្មានមួយនៅប្រទេសសិង្ហបុរី ដែលមានបុរសម្នាក់បានឃើញទឹកចម្លែក ហាក់ដូចជាឈាមបានស្រក់ពីលើពិដានអាផាតមិនរបស់ខ្លួន ស្រាប់តែចុះឡើងៗទើបដឹងថាតាមពិតជាឈាមរបស់អ្នកជិតខាងដែលបានស្លាប់នៅបន្ទប់ខាងលើ។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅអគារស្នាក់នៅមួយកន្លែង កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ។ ដោយក្នុងនោះ នៅថ្ងៃកើតហេតុមានបុរសម្នាក់ដែលស្នាក់នៅក្នុងអគារនោះ បានចាប់អារម្មណ៍ថាមានឈាមស្រក់ចេញពីលើពិដានផ្ទះរបស់ខ្លួន រួចក៏រត់ទៅប្រាប់ម្តាយ ឱ្យជួយឡើងទៅមើលអ្នកដែលនៅជាន់ខាងលើ។
យ៉ាងណាមិញ អ្នកដែលនៅជាន់ខាងលើនោះ គឺជាស្រ្តីចំណាស់វ័យ ៧៧ ឆ្នាំម្នាក់ ដែលបានរស់នៅតែម្នាក់ឯងជាង ២៥ ឆ្នាំមកហើយ ហើយក្នុងថ្ងៃដដែលនេះបងស្រីរបស់ស្រ្តីចំណាស់នេះបានមកលេង ប៉ុន្តែគោះទ្វារយ៉ាងណាក៏មិនចេញមក ម្យ៉ាងមានគេប្រាប់ថាឃើញឈាមស្រក់ទៅខាងក្រោមទៀត ទើបប្រញាប់ប្តឹងប៉ូលិសតែម្តង។ ដោយឡែក ខាងប៉ូលិសបានឱ្យដឹងថា សពបានចាប់ផ្តើមស្អុយរលួយទៅហើយ តែមើលទៅវាអាចមិនមែនជារឿងឃាតកម្មឡើយ ដោយខាងអ្នកជំនាញកំពុងតែស៊ើបអង្កេតបន្ថែម៕
ប្រភព៖ Sanook