ថ្មីៗនេះ នៅប្រទេសថៃ មានស្រ្តីចំណាស់វ័យ ៦៤ ឆ្នាំម្នាក់ បានចេញមុខមកសុំឱ្យអាជ្ញាធរជួយ ក្រោយពីបានចាញ់បោកបុរសជនជាតិបរទេសម្នាក់តាមអនឡាញ គេល្បួងយកលុយអស់ជាង ១ ម៉ឺនដុល្លារ។
តាមស្រ្តីរូបនេះបានរៀបរាប់ឱ្យដឹងថា ខ្លួនបានស្គាល់គ្នាតាមអនឡាញជាមួយបុរសម្នាក់ ដែលគេអះអាងឈ្មោះ Mark វ័យ ៥៨ ឆ្នាំ ជនជាតិហ្វីលីពីន មានមុខរបអ្នកអចលនទ្រព្យ ហើយក៏បានទាក់ទងគ្នាជារឿយៗ រហូតក្លាយជាគូស្នេហ៍តាមអនឡាញ។ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ Mark បានប្រាប់ថាគេផ្ញើលុយ ២.៥ ម៉ឺនដុល្លារ ព្រមទាំងគ្រឿងអលង្ការជាច្រើនទៀតមកឱ្យ តែដោយសារតែខ្លួនគ្មានកុងធនាគារ ទើប Mark អះអាងថានឹងផ្ញើតាមរយៈប្រៃសណីយ៍ថៃវិញ។
លុះមិនយូរប៉ុន្មាន ស្រាប់តែមានបុរសម្នាក់បានខលមក ដោយអះអាងជាមន្ត្រីប្រៃសណីយ៍ ទាមទារឱ្យខ្លួនបង់ពន្ធចំនួន ៧០០០ បាត។ ក្រោយពីបង់ហើយ ស្រាប់តែគេខលមកទារទៀត ទារប្រាក់ចំនួន ២ សែនបាត ខ្លួនឱ្យបានតែ ៤ ម៉ឺនបាត ហើយ ១.៦ សែនបាតទៀត Mark ជាអ្នកបង់ តែអីវ៉ាន់នៅតែមិនបាន ព្រោះ Mark ត្រូវមកស៊ីញ៉េទទួលខ្លួនឯង។
យ៉ាងណាមិញ Mark បានអះអាងថាគេបានធ្វើដំណើរមកប្រទេសថៃ តែត្រូវប៉ូលិសចាប់ ត្រូវការលុយលស់ខ្លួន ហើយគេទាមទារឱ្យបង់មួយថ្ងៃ ១ ទៅ ២ ពាន់បាត រហូតដល់ខ្លួនត្រូវដើរខ្ចីលុយគេ ទោះកូនៗហាមយ៉ាងណាក៏មិនស្តាប់ ព្រោះបើមិនឱ្យទេគេនឹងយក Mark ទៅសម្លាប់។ សរុបទៅស្រ្តីចំណាស់រូបនេះបានឱ្យលុយទៅគេសរុបជាង ៤.៤ សែនបាត ដែលស្មើនឹងប្រមាណជាង ១៣ ០០០ ដុល្លារឯណោះ ទើបភ្ញាក់ខ្លួនថាចាញ់បោកគេ និង ព្យាយាមរកអ្នកជួយដោះស្រាយឱ្យ៕
ប្រភព៖ Kapook