ខណៈកងកម្លាំងទាហានកម្ពុជាតាមខ្សែបន្ទាត់ព្រំដែនក្តៅនៅប៉ែក ខេត្តព្រះវិហារ ឧត្តរមានជ័យ និង ខេត្តបន្ទាយមានជ័យ បន្តការប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារអធិបតេយ្យភាព និង បូរណភាពទឹកដីនោះ ងាកទៅកាន់តាមខ្សែបន្ទាត់ព្រំដែន នាខេត្តកោះកុង ខេត្តបាត់ដំបង និង បណ្តាខេត្តនៅជាប់ព្រំដែនថៃផ្សេងទៀត ក៏មានកងកម្លាំងទាហានកម្ពុជាឈរជើងយ៉ាងមោះមុតដូចគ្នាដែរ បើទោះជាមិនមានស្ថានការណ៍ក្តៅដូចខេត្តខាងលើក្តី។
ក្រឡេកទៅមើល លោក មង្គល ទីណា និង ភរិយា ដែលរស់នៅឯខេត្តកោះកុងឯណោះវិញ ធ្លាប់បានប្រាប់មកកាន់ ប្រជាប្រិយ ថា បើទោះជានៅទីនោះមិនមានសភាពការណ៍ក្តៅកើតឡើងក៏ពិតមែន ប៉ុន្តែកងកម្លាំងប្រចាំខេត្តកោះកុង បានប្រចាំការការពារព្រំដែន និង ប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ។ ម្យ៉ាងវិញទៀតនោះ ក៏មានជនភៀសសឹកបានជម្លៀសទៅកាន់វត្តអារ៉ាមនៅតាមភូមិស្រុកមួយចំនួនដែរ។
កន្លងមក លោក មង្គល ទីណា និង ភិរយា ព្រមទាំងក្រុមគ្រួសារ និង សប្បុរសធម៌បានរៀបចំស្បៀង ថវិកាខ្លះជូនទៅកាន់បងៗកងកម្លាំង និង ជនភៀសសឹករួចហើយដែរ តែថ្មីៗនេះ ភរិយារបស់លោក និង អាជីវករនៅក្នុងផ្សារដងទង់ ក៏កំពុងប្រមូលថវិកាបន្តទៀត ដើម្បីរៀបចំស្បៀង និង ថវិកាជូនដល់កងកម្លាំងជាការដឹងគុណនៃការការពារទឹកដីបន្ថែមទៀត៕