ជារឿងមួយដែលគួរចាត់ទុកជាបទពិសោធ សម្រាប់អ្នកដែលចូលចិត្តលេងពណ៌សក់ ខណៈមាននារីម្នាក់ ចូលចិត្តដូរពណ៌សក់ថ្មីសឹងតែរាល់ខែ ចុងក្រោយធ្លាក់ខ្លួនឈឺ ប៊ិះនឹងខូចក្រលៀន។

រឿងរ៉ាវមួយនេះ បានកើតឡើងទៅលើនារីវ័យ ២០ ឆ្នាំ ដែលមកពីទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន។ តាមសារព័ត៌មាន បានឱ្យដឹងថា នាងជាមនុស្សចូលចិត្តលេងពណ៌សក់ណាស់ នាងតែងតែដូរពណ៌សក់ថ្មីជារៀងរាល់ខែ ជួនកាលនាងដូរពណ៌សក់ដល់ទៅ ៣ ដងក្នុងមួយខែក៏មានដែរ ហើយនាងធ្វើបែបនេះមកជាង ២ ឆ្នាំទៅហើយ។ លុះមិនយូរប៉ុន្មាន នៅពេលដែលនាងទើបតែដូរពណ៌សក់ហើយ នាងក៏ចាប់ផ្តើមមានអាការៈឈឺពោះ ហើម និង ឈឺសន្លាក់ រីឯទឹកនោមមានពណ៌ស្រអាប់ដូចជាកាហេ្វ ព្រមទាំងឡើងស្នាមក្រហមចម្លែកៗពេញខ្លួន។

ក្នុងនោះ នាងបានទៅមន្ទីរពេទ្យ ដែលគ្រូពេទ្យបានវិនិច្ឆ័យថានាងមានជំងឺ Purpura Nephritis ដែលជាជំងឺទាក់ទងនឹងតម្រងនោម ហើយបើមិនបានទទួលការព្យាបាលទាន់ពេលវេលានោះទេ នឹងអាចបណ្តាលទៅជាការខូចក្រលៀន ឬបាត់បង់ជីវិតក៏ថាបាន។
គ្រូពេទ្យបានឱ្យដឹងទៀតថា មូលហេតុ គឺអាចបណ្តាលមកការដែលនាងប្តូរពណ៌សក់ជាប្រចាំ ធ្វើឱ្យសារធាតុគីមីជ្រាបចូលទៅតាមសរសៃឈាមតូចៗដែលនៅលើស្បែកក្បាល រួចក៏បង្កឱ្យមានប្រតិកម្ម។ ដោយឡែក គ្រូពេទ្យបានព្យាយាមជួយព្យាបាលនារីរូបនេះ ជាពិសេសគឺឱ្យនាងកោរសក់ចេញ ដែលចុងក្រោយនាងក៏បានជាសះស្បើយ៕

ប្រភព៖ Kapook