ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ច្បាស់ជាបានជ្រាបហើយ ពីការធ្វើឱ្យប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លាំងដល់លោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស ក្នុងនាមជាឪពុកម្តាយ ដែលត្រូវបានគេលើកយករឿងកូនប្រុសមកធ្វើជាប្រធានបទ និយាយប៉ះពាល់ទាំងគ្នានៅតូចនៅឡើយ។
យ៉ាងណាមិញ ក្រោយឃើញការចេញមុខប្រតិកម្មក្នុងនាមជាម្តាយរបស់អ្នកនាង ទេព បូព្រឹក្ស ហើយនោះ មហាជន ក៏នឹកដល់តារាស្រី ២ រូបទៀត គឺអ្នកនាង ផន សុផារី និង អូនផ្កាយ ដែលធ្លាប់ត្រូវគេលើកយកកូនៗមកនិយាយ រហូតដល់មានការប្រមាថអាយុជីវិតក៏មាន។
១. ទេព បូព្រឹក្ស
អ្នកនាង ទេព បូព្រឹក្ស មានការប៉ះពាល់អារម្មណ៍យ៉ាងខ្លាំងក្នុងនាមជាម្តាយ ដោយត្រូវគេយកឈ្មោះកូនប្រុសមកប្រមាថ យកមកនិយាយមិនល្អតាំងពីនៅក្នុងពោះរហូតមកដល់ពេលនេះ។ ក្នុងនោះ រឿងចុងក្រោយ ដែលមិនអាចឱ្យអ្នកនាងសំងំបាន ក្រោយផេក «អាក្លូ» បាននិយាយពាក្យមួយឃ្លាថា៖ «មិនដូចជាអ្នកខ្លះ កូនកើតមកទាន់ម៉ែឪការ» រហូតអ្នកនាងចេញមុខមកឡាយ ទាំងយំសស្រាក់ថា «កូនប្រុសនាងខុសអ្វី?»។ យ៉ាងណាមិញ ពេលនេះ លោក ជី ដេវីត ជាស្វាមី និង ឪពុក ក៏បានប្រកាសពីការដាក់ពាក្យបណ្តឹងរួចរាល់ហើយដែរ។
២. អ្នកនាង ផន សុផារី
អ្នកនាង ផន សុផារី ក៏ធ្លាប់ចេញមុខប្រតិកម្ម និង ធ្វើការតាមផ្លូវច្បាប់ដូចគ្នាដែរ ខណៈធ្លាប់មានអ្នកយកអាយុជីវិតកូនស្រីជាទីស្រឡាញ់របស់នាងមកលេងសើច។ កាលនោះគេចាំបានថា អំឡុងឆ្នាំ ២០២៣ មានគណនីហ្វេសប៊ុកមួយចំនួន បានបំភ្លៃរឿងថា អ៊ែលលី បាត់បង់ជីវិត ធ្វើឱ្យអ្នកនាង ផន សុផារី ចេញមុខច្រានចោលភ្លាមៗ និង ស្វែងរកម្ចាស់គណនីនោះចាត់ការទៅតាមផ្លូវច្បាប់។
៣. អូន ផ្កាយ
តារាសម្ដែង អូនផ្កាយ ក៏ត្រូវបានចេញមកប្រតិកម្មជាច្រើនលើកដូចគ្នាដែរ ក្រោយមានគេយកឈ្មោះកូនរបស់នាងមកនិយាយលក្ខណៈបែបប្រមាថអាយុជីវិត និង ប្រើពាក្យមិនសមរម្យ។ ក្នុងនោះ អូនផ្កាយ ធ្លាប់បានចេញមក Live វីដេអូយំសស្រាក់ ដោយខឹងសម្បា ក៏ដូចជាអាណិតកូននៅតូច តែត្រូវគេលើកយកមកនិយាយមិនល្អជារឿយៗ៕
ឮ