សារព័ត៌មានក្រៅប្រទេស បានរាយការណ៍ពីករណីរបស់បុរសជនជាតិចិនម្នាក់ ដែលបានគាំងបេះដូងបាត់ស្មារតី ប៊ិះនឹងអស់ជីវិត តែពេលដឹងខ្លួនឡើងហើយ មិនព្រមទៅពេទ្យសិន បែរជាប្រញាប់ទៅធ្វើការឱ្យទាន់ម៉ោង។
តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះ មានវ័យ ៤០ ឆ្នាំ ត្រូវគេប្រទះឃើញសន្លប់ភ្លាមៗនៅស្ថានីយ៍រថភ្លើងមួយកន្លែង ខណៈកំពុងចាំរថភ្លើងនៅទីនោះ។ មហាជន ក៏ដូចជាអាជ្ញាធរ និងគ្រូពេទ្យប្រចាំតំបន់ បាននាំគ្នាផ្អើលមកជួយបុរសនេះអស់ចំនួន ២០ នាទី ទម្រាំតែគេបានដឹងខ្លួនឡើងវិញ តែអ្វីដែលគួរឱ្យហួសចិត្តនោះ នៅពេលដឹងខ្លួនមកវិញ បុរសនេះក៏បាននិយាយថា លោកត្រូវប្រញាប់ជិះរថភ្លើងទៅធ្វើការទៀត ដោយមិនគិតពីស្ថានភាពរបស់ខ្លួនឯង ដែលប៊ិះនឹងអស់ជីវិតអម្បាញ់មិញឡើយ។
យ៉ាងណាមិញ គ្រូពេទ្យបានឱ្យដឹងថា បុរសរូបនេះត្រូវការទៅមន្ទីរពេទ្យ ដើម្បីពិនិត្យរាងកាយបន្តទៀត តែគេនៅតែមិនព្រមទៅតាមគ្រូពេទ្យប្រាប់ ហើយក៏បានឡើងរថភ្លើងទៅធ្វើការបាត់ទៅ៕
ប្រភព៖ Khaosod