គូស្នេហ៍មួយគូរស់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានស្រលាញ់គ្នាអស់រយៈពេល ៤ ឆ្នំា។ មិនថាក្តីស្នេហ៍ជ្រាលជ្រៅប៉ុនណា ពួកគេប្រកាន់ខ្ជាប់ការមិនប៉ះពាល់រាងកាយ ជាពិសេស ស្នាមថើប ដោយត្រូវរក្សាទុករហូតដល់ថ្ងៃរៀបការទើបសម្ពោធ។

គូស្នេហ៍វ័យ ២០ ឆ្នាំស្តើងនេះ ខាងស្រីឈ្មោះ Kaytlin និង ខាងប្រុសឈ្មោះ Drew Brown ពួកគេបានចាប់ផ្តើមទាក់ទងគ្នានៅដើមឆ្នាំ ២០២១។ កាន់គ្រិស្តសាសនាដូចគ្នា ពួកគេបានសម្រេចចិត្តថា នឹងមិនប៉ះពាល់គ្នារហូតដល់ថ្ងៃរៀបការ ថ្វីបើភាសាស្នេហ៍របស់ពួកគេ (love language) គឺជាការប៉ះពាល់រាងកាយ (physical touch) ក៏ដោយ។

ដៃគូខាងស្រី ដែលមានអាយុទើប ២២ ឆ្នាំ បានលើកឡើងថា នាង និង ដៃគូ មិនព្រមថើបគ្នា ព្រោះវាអាចធ្វើឱ្យពួកគេមានអារម្មណ៍ស្និទ្ធស្នាល ឬ រហូតរោលរាលចង់រួមដំណេក។ ដូច្នេះពួកគេបានស្បថថា មិនត្រូវថើបគ្នាមុនថ្ងៃពិសេសឡើយ។ ជៀសវាងជ្រុលជ្រួសផងនោះ ពួកគេដាច់ខាតមិននៅផ្ទះតែពីរនាក់ ឬ ទៅកន្លែងណាស្ងាត់តែពីរនាក់ សុខចិត្តទាក់ទងបែបគ្មានភាពរ៉ូមែនទិក។

ស្រលាញ់គ្នាបាន ៤ ឆ្នាំ ទីបំផុតពួកគេពិតជាអាចរក្សាបានអ្វីគ្រប់យ៉ាងដូចការស្បថមែន។ ពួកគេទើបបានរៀបអាពាហ៍ពិពាហ៍កាលពីដើមខែតុលានេះ ហើយស្នាមថើបដំបូងនៅថ្ងៃរៀបការ វាពិតជាធ្វើឱ្យពួកគេមានអារម្មណ៍អស្ចារ្យបំផុត៕
ប្រភព៖ NYP