កាលពីរសៀលថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅនេះ ប្រជាពលរដ្ឋកម្ពុជា ជាពិសេស កីឡាករ កីឡាការិនីគុនល្បុក្កតោគ្រប់ជំនាន់មានក្តីសោកសង្រេងយ៉ាងខ្លាំង នៃមរណភាពរបស់ឯកឧត្តមព្រឹទ្ធាចារ្យ ក្រមាមាស សាន គឹមស៊ាន ហៅលោកគ្រូតាក្រមាមាស អនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។
ក្នុងនោះតាមរយៈការឱ្យដឹងពីលោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានជម្រាបនូវដំណឹងពីសុខភាពរបស់លោកគ្រូតាគុនល្បុក្កតោ សាន គឹមស៊ាន ហៅលោកគ្រូតាក្រមាមាស កាលពីព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៥ បានចូលបន្ទប់សង្គ្រោះបន្ទាន់ដោយជំងឺបេះដូង។ ជាអកុសល នៅថ្ងៃដដែលនារសៀលម៉ោង ១ និង ៤០ នាទី លោកគ្រូតាក្រមាមាស ក៏បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៨០ ឆ្នាំ។
ក្នុងនោះ មរណភាពនៃការបាត់បង់ធនធានមនុស្សដ៏សំខាន់ និង ជាបុគ្គល ដែលប្រឹងប្រែងទាំងកម្លាំងកាយចិត្តតស៊ូអស់ជាច្រើនជំនាន់ ខិតខំចងក្រង អភិរក្ស និង លើកកម្ពស់គុនល្បុក្កតោលោកគ្រូតា ក្រមាមាស បានធ្វើឱ្យមហាជន និង មន្ត្រីរដ្ឋ និង ឯកជនគ្រប់ជាន់ចូលរួមរំលែកទុក្ខ និង បានអញ្ជើញចូលរួមពិធីបុណ្យសពជូនដំណើរលោកគ្រូជាលើកចុងក្រោយផងដែរ។
យ៉ាងណាមិញ តាមរយៈការឱ្យពី លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានជម្រាបថា សពរបស់លោកគ្រូតា ក្រាមាមាស នឹងបូជានៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ៤ និង ៤០ នាទីល្ងាច នៅវត្តអង្គតាមិញ៕