Liz McEwan គ្រូបង្រៀនភាសាអង់គ្លេសអាយុ ៤៥ ឆ្នាំ មកពី Wolverhampton រដ្ឋ West Midlands ប្រទេសអង់គ្លេស បានទម្លាយបទពិសោធរបស់នាង ដែលបម្រុងនឹងវះកាត់បន្ថែមទំហំសុដន់ តែស្រាប់តែពិនិត្យឃើញដុំសាច់មហារីកសុដន់ទៅវិញ។
នាងបានរៀបរាប់ឱ្យដឹងថា នាងបានសម្រេចចិត្តវះកាត់បន្ថែមទំហំសុដន់កាលពីឆ្នាំ ២០២២ កន្លងទៅ ដោយសារទំហំដើមរបស់នាងមានត្រឹម AA ដែលធ្វើឱ្យនាងមិនមានទំនុកចិត្តលើខ្លួនឯងឡើយ។ កាលនោះ នាងបានទៅជួបគ្រូពេទ្យដើម្បីពិនិត្យសុដន់ត្រៀមវះកាត់ តែគេបានថតឃើញថា សុដន់ខាងស្តាំរបស់នាងមានដុំសាច់រហូតដល់ទៅ ៣ ដុំ ហើយជាលទ្ធផលវាគឺជាដុំសាច់មហារីកសុដន់ទៀតផង។
ក្រោយពីបានដឹងលទ្ធផលហើយ នាងក៏បានធ្វើការវះកាត់សុដន់ខាងស្តាំចេញទាំងអស់ ហើយបន្ទាប់មកក៏កាត់សុដន់ខាងឆ្វេងចេញថែមទៀត ដើម្បីការពារកុំឱ្យមានការដុះសាច់ម្តងទៀត ហើយនាងត្រូវឆ្លងកាត់ការបាញ់កាំរស្មីជាច្រើនដំណាក់កាល។ មិនយូរប៉ុន្មាន ស្រាប់តែគ្រូពេទ្យពិនិត្យឃើញទៀតថា នាងមានសាច់ដុំបេះដូងខុសធម្មតា ដែលជាដំណពូជ ហើយតម្រូវឱ្យនាងឆ្លងកាត់ការព្យាបាលមួយដំណាក់កាលទៀត។
យ៉ាងណាមិញ នាងបានឱ្យដឹងថា វាពិតជាសំណាងណាស់ ដែលការសម្រេចចិត្តវះកាត់បន្ថែមទំហំសុដន់នេះ ធ្វើឱ្យនាងអាចរកឃើញជំងឺកាចសាហាវដល់ទៅ ២ មុខ។ ដោយឡែក ចុងក្រោយនាងបានវះកាត់ដាក់សុដន់ថ្មីទាំងសងខាងតាមទំហំដែលនាងពេញចិត្ត ហើយក៏បានជាសះស្បើយបន្តិចម្តងៗតាំងពីពេលនោះមក៕