នៅរសៀលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រសួងមហាផ្ទៃ បានបញ្ជាក់ពីករណីក្រុមទាហានថៃរំលោភយុវតីខ្មែរ និង ចំណាត់ការបន្ទាន់របស់កម្ពុជា តាមរយៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។

ក្នុងនោះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា ៖ «សូមជម្រាបជូនបងប្អូនមេត្តាជ្រាប ករណីនេះគឺពិតជាកើតមានឡើងមែន គឺនៅពេលដែលពលករខ្មែរយើងចាកចេញពីប្រទេសថៃ ចូលមកទឹកដីកម្ពុជា ប៉ុន្តែនៅទឹកដីថៃនៅឡើយ គឺពលករខ្មែរយើងប្រមាណជា ១០ នាក់ នៅក្នុងនោះគឺមាននារីតែប្អូនស្រីហ្នឹងម្នាក់ទេ ខាងកម្លាំងប្រដាប់អាវុធថៃបានបំបែកពលករខ្មែរយើងជា ២ ក្រុម មួយក្រុមប្អូនស្រីតែម្នាក់ ហើយមួយក្រុមទៀតគឺបុរសសុទ្ធ»។

តាមប្រភពបានរៀបរាប់បន្ត ៖ «ឱកាសនោះហើយដែលក្រុមកម្លាំងប្រដាប់អាវុធថៃ បានប្រព្រឹត្តនូវបទល្មើសស្មោកគ្រោក និង បាត់បង់ភាពជាមនុស្សទៅលើប្អូនស្រី ពោលគឺចាប់រំលោភបូកចំនួន ៧ នាក់ ហើយមកដល់ទឹកដីកម្ពុជាវិញ ប្អូនស្រីបានស្ទុះស្ទារមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដាក់ពាក្យប្ដឹងស្វែងរកយុត្តិធម៌ ក្នុងនោះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានយកចិត្តទុកដាក់បំផុតក្នុងការទទួលពាក្យប្ដឹងទាំងគាំពារផ្នែកផ្លូវចិត្តផ្លូវកាយដល់ប្អូនស្រី ហើយស្នងការចំណុះក្រសួងមហាផ្ទៃ បានចាត់តាំងក្រុមការងារឱ្យចុះសហការជាមួយស្នងការខេត្តបាត់ដំបង ដើម្បីធ្វើការងារជំនាញ បច្ចេកទេស កសាងឯកសារប្រមូលភស្តុតាងឱ្យបានមូល ដែលឥឡូវនេះយើងពុំទាន់បញ្ចប់នូវការបំពេញការងារជំនាញទៅលើករណីនេះដែរ ដែលជាករណីរំលោភបូកពីកម្លាំងប្រដាប់អាវុធថៃ ដែលបាត់បង់ភាពជាមនុស្ស មកលើប្អូនស្រីដែលជាជនជាតិខ្មែរ អ្នកខេត្តកំពង់ធំ»។

លោកបណ្ឌិត ទូច សុឃៈ បានបន្តថា ៖ «ជានីតិវិធី ជាវិធានការបស់យើង ទី១ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នឹងធ្វើបណ្ដឹងទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិថៃ ទី២ គឺធ្វើបណ្ដឹងតវ៉ាតាមរយៈទូតរបស់ថៃ ទី៣ គឺធ្វើបណ្ដឹងតវ៉ា តាមរយៈអង្គការអន្តរជាតិផងដែរ ដើម្បីឱ្យសមត្ថកិច្ចថៃតាមចាប់ជនល្មើសយកមកអនុវត្តន៍ទោស ផ្ដល់យុត្តិធម៌ឱ្យប្អូនស្រី ដែលជាជនជាតិខ្មែរ ជាករណីដែលមិនអាចទទួលយកបាន ចំពោះអំពើបាត់បង់ភាពជាមនុស្ស អំពើអមនុស្សធម៌ អំពើស្មោកគ្រោកនេះ ជាដាច់ខាត» ។ លោកបានបន្តថា ៖ «យើងទទូចឱ្យសមត្ថកិច្ចរបស់ថៃ ត្រូវតែស្វែងរកចាប់ខ្លួនជនទាំង ៧ នាក់ និង អ្នកពាក់ព័ន្ធទាំងអស់នេះ យកមកផ្ដន្ទាទោសឱ្យបានជាដាច់ខាត ហើយប្រកាសជាសាធារណៈឱ្យប្រជាជនថៃបានដឹង ប្រជាពលរដ្ឋកម្ពុជាបានដឹង ប្រជាពលរដ្ឋនៅទូទាំងពិភពលោកបានដឹងថា ខ្លួនបានចាត់ការទៅលើជនល្មើសដែលជាកងកម្លាំងសមត្ថកិច្ចរបស់ខ្លួនថែមទៅទៀតផង»៕