ទឹកជំនន់នៅស្រុកហាតយ៉ៃ ខេត្តសុងក្លា ប្រទេសថៃ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក្នុងនោះក៏មានភ្ញៀវទេសចរបរទេសច្រើនណាស់ដែរ ដែលបានរងគ្រោះនៅទីនោះ។

តាមព័ត៌មានបានឱ្យដឹងថា ភ្ញៀវទេសចរប្រមាណជាង ១៣០០ នាក់ ដែលមកពីម៉ាឡេស៊ី សិង្ហបុរី និង ឥណ្ឌូនេស៊ី បានរងផលប៉ះពាល់ពីគ្រោះទឹកជំនន់លើកនេះ ខណៈពួកគេបានធ្វើដំណើរមកលេងស្រុកហាតយ៉ៃ។ ក្នុងនោះ ភាគច្រើនពួកគេកំពុងជាប់នៅកន្លែងស្នាក់នៅ ដែលមានដូចជាផ្ទះសំណាក់ ឬ សណ្ឋាគារ ហើយពួកគេមិនបានទទួលបានជំនួយ ឬ ការសង្រ្គោះដិតដល់ពីរដ្ឋាភិបាលថៃឡើយ ដោយម្នាក់ៗដាច់អាហារ និង ទឹកពី ២ ទៅ ៣ ថ្ងៃឯណោះ។

យ៉ាងណាមិញ មជ្ឈមណ្ឌលសង្គ្រោះភ្ញៀវទេសចរមួយ ត្រូវបានបង្កើតឡើងជាបណ្តោះអាសន្ននៅផ្សារទំនើប CentralPlaza Hat Yai ដោយមានសហការជាមួយសមាគមសណ្ឋាគារ ហាងលក់ទំនិញធំៗ ក្រុមហ៊ុនធានារ៉ាប់រង និង អង្គភាពជួយសង្គ្រោះមកពីប្រទេសម៉ាឡេស៊ី ដើម្បីជួយដល់ភ្ញៀវទេសចរបរទេសដែលបានកំពុងជាប់នៅហាតយ៉ៃ៕




ប្រភព៖ Khaosod