មានករណីដ៏គួរឱ្យអស់សំណើច លាយឡំនឹងការហួសចិត្តមួយនៅប្រទេសថៃ ដែលបុរសម្នាក់បានកុម្មង់ទិញស្រាវីស្គីចំនួន ២ ដបតាមអនឡាញ តែចុងក្រោយត្រូវអ្នកលក់ធ្វើស៊ី បន្លំដាក់ទឹកត្រីឱ្យ។
តាមព័ត៌មានបានឱ្យដឹងថា បុរសខាងលើនេះ បានទិញស្រាវីស្គី ២ ដប ពីមនុស្សម្នាក់ ក្នុងតម្លៃ ១០០០ បាត ដែលស្មើប្រមាណ ៣០ ដុល្លារ។ ក្នុងនោះ អ្នកលក់យកមកឱ្យដល់ក្នុងភូមិ តែខណៈយកដល់ដៃបុរសនេះមិនចាប់អារម្មណ៍បើកមើលឡើយ លុះមកដល់ផ្ទះក៏បានបើកដបស្រាមើល ស្រាប់តែធុំក្លិនទឹកត្រីង៉ោង ដែលមិនមែនជាស្រាឡើយ។ ភ្លាមៗបុរសរូបនេះ ក៏បានព្យាយាមខលទៅអ្នកលក់វិញដែរ តែក៏ត្រូវគេប្លុកលេខបាត់ទៀត។
យ៉ាងណាមិញ បុរសខាងលើ បានយករឿងនេះមកចែកចាយនៅតាមបណ្តាញសង្គម ដើម្បីចង់ឱ្យមហាជនមានការប្រុងប្រយ័ត្នកុំឱ្យប្រទះករណីដូចលោក។ ក្នុងនោះ មានមហាជនខ្លះក៏បានចូលរួមសោកស្តាយ រីឯអ្នកខ្លះទៀតក៏ទប់សំណើចមិនបានឡើយ ព្រោះមិននឹកស្មានថាករណីបោកប្រាស់ក៏អាចកើតឡើងបានក្នុងរូបភាពបែបនេះ៕
ប្រភព៖ AMARINTV