នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺចំពោះករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ Honda PCX ពណ៌ប្រផេះផ្លាកលេខ ភ្នំពេញ 1IO-4137 ជាមួយម៉ូតូ Honda C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KO-1318 បណ្តាលឱ្យអ្នកបើកបរម៉ូតូ Honda C125 ចំនួន ០១ នាក់ស្លាប់ នៅកន្លែងកើតហេតុ ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ២៣ និង ៣៩ នាទី។
តាមប្រភពបានឱ្យដឹងថា មូលហេតុគ្រោះថ្នាក់ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារបានសន្និដ្ឋានថា ៖
– អ្នកបេីកម៉ូតូ Honda PCX បេីកចេញពីផ្លូវបាត់សិទ្ធិ (ផ្លូវអក្សT)
– អ្នកបេីកម៉ូតូ Honda C125 បេីកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន
ក្រោយជ្រាបករណីនេះ លោក ស៊ិន រក្សា ព្រះរាជអាជ្ញារង ប្រចាំខណ្ឌជ្រោយចង្វារ ឱ្យឃាត់អ្នកបេីកម៉ូតូ PCX ឈ្មោះ នាង សុភ័ក្រ្តបញ្ញា ហៅ Noudy ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ០៨ និង ០០ នាទី។
បន្ទាប់មក កម្លាំងជំនាញរបស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បញ្ជូនសំណុំរឿង វត្ថុតាង និង អ្នកបេីកម៉ូតូម៉ាក Honda PCX ឈ្មោះ នាង សុភ័ក្រ្តបញ្ញា ហៅ Noudy ភេទប្រុស អាយុ ៣០ ឆ្នាំ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១៤ និង ៣៣ នាទីដើម្បីចាត់ការតាមនីតិវិធី។ ស្នងការបានបញ្ជាក់ថា ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យមានអ្នកស្លាប់ សមត្ថកិច្ចត្រូវបញ្ជូនសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី៕