នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ ក្រសួងការពារជាតិ បានបញ្ជាក់ឱ្យបានដឹងថា ភាគីថៃបានឈ្លានពានដោយមិនមានការបង្កហេតុ និង ដោយត្រៀមទុកជាមុន នៅវេលាម៉ោង ០៥:០២ នាទី ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ ដោយបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន ៥ គ្រាប់ មកលើទីតាំងជាច្រើនកន្លែង នៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្នុងនោះ តាមរយៈព័ត៌មានក្នុងស្រុក បានឱ្យដឹងបន្ថែមថា នៅវេលាម៉ោងជិត ៨ ពួកទាហានឈ្លានពានថៃ បានចាប់ផ្តើមបាញ់មកបន្តទៀត ខណៈនៅពេលនេះកងទ័ពកម្ពុជា ស្ថិតនៅក្នុងត្រៀមវាយបកទៅវិញយ៉ាងចាស់ដៃ។
គួរឱ្យដឹងផងដែរថា ការរំលោភអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់កម្ពុជាដ៏កម្រោលនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិលស្លូតត្រង់ និងបំផ្លាញសន្តិភាព និង ស្ថិរភាពក្នុងតំបន់៕