កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ លោកជំទាវ ឈី វ៉ា ប្រធានសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ខេត្តកោះកុង និង ជាអភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងលោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និង ជាប្រធាន គ.ក.ស.ក ខេត្តកោះកុង បានចុះអញ្ជើញសាកសួរសុខទុក្ខស្ត្រីសម្រាលកូនម្នាក់ដែលជាពលករខ្មែរនៅប្រទេសថៃ បន្ទាប់ពីស្ត្រីរូបនេះត្រូវបានមន្ទីរពេទ្យថៃមួយកន្លែងបញ្ជូនឱ្យត្រឡប់កម្ពុជាវិញក្នុងពេលនាងគ្រប់ខែហៀបសម្រាលកូន កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅនេះ។
ស្ត្រីជនជាតិខ្មែរជាពលករនៅប្រទេសថៃ ដែលទើបសម្រាលទារកខាងលើ បើតាមព័ត៌មានបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ រូបនាងត្រូវបានមន្ទីរពេទ្យមួយកន្លែងនៅប្រទេសថៃ ដឹកបញ្ជូនពីប្រទេសថៃមកកាន់ព្រំដែនអន្តរជាតិ ចាំយាម-ហាតលេក ខណៈដែលរូបនាងមានផ្ទៃពោះគ្រប់ខែ (ឈឺពោះត្រៀមសម្រាល)។ ជាមួយគ្នានោះ បន្ទាប់ពីទទួលបានព័ត៌មាន ភ្លាមៗក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានប្រើប្រាស់រថយន្តសង្គ្រោះមន្ទីរពេទ្យទៅទទួលភ្លែតផងដែរ។
បន្ទាប់ពីទទួលរួចរាល់ ក្រុមគ្រូពេទ្យបានដឹកមកកាន់ពេទ្យបង្អែកខេត្តកោះកុង និង បានសង្គ្រោះស្រ្ដីមានផ្ទៃពោះរូបនោះ ព្រោះសភាពរបស់នាងមានការលើសសម្ពាធឈាម និង ហើមជើង (បម្រុងក្រឡាភ្លើងធ្ងន់ធ្ងរ) លុះមកដល់វេលាម៉ោង ០០ និង ៥០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ ក្រុមគ្រូពេទ្យផ្នែកសម្ភពបានជួយសម្រាលស្ត្រីខាងលើ រហូតទទួលបានសុវត្ថិភាព ដោយនាងទទួលបានទារក ១ ម្នាក់ ភេទប្រុស ទម្ងន់ ៣,៦ គក្រ។
បច្ចុប្បន្នស្ត្រី និង ទារកខាងលើ កំពុងបន្តសម្រាក ទទួលការថែទាំព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ព្រមទាំងទទួលបានការសួរសុខទុក្ខដោយផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត និង ទទួលបានប្រាក់ឧបត្ថម្ភមួយចំនួនផងដែរ៕