កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ ប្រទេសមីយ៉ាន់ម៉ា បានរងគ្រោះរញ្ជួយដីកម្រិត ៧.៧ វ៉ិចទ័រយ៉ាងធ្ងន់ធ្ងរនៅច្រើនកន្លែងក្នុងប្រទេស ដែលបណ្តាលឱ្យអាគារ និងផ្ទះជាច្រើនបានរលំស្រុត បង្កឱ្យមនុស្សស្លាប់អស់ជាង ១៤០ នាក់ ព្រមទាំងរបួសជាង ៧០០ នាក់។
ក្នុងនោះដែរ មានស្ថាបត្យកម្មបុរាណជាច្រើនក៏បានដួលរលំគួរឱ្យសោកស្តាយ ជាពិសេសនោះមានវត្តមួយកន្លែងឈ្មោះ Shwe Sar Yan ដែលស្ថិតក្នុងទីក្រុង Mandalay មានអាយុជិត ១០០០ ឆ្នាំ ក៏ត្រូវបានគ្រោះរញ្ជួយដីលេបត្របាក់ទៅដែរ។
តាមរយៈវីដេអូបានបង្ហាញឱ្យឃើញថា ព្រះចេយតីដ៏ធំនៅក្នុងវត្តបានបាក់កំពូលធ្លាក់មកយ៉ាងមិននឹកស្មាន ហើយមិនតែប៉ុណ្ណោះ សំណង់ផ្សេងៗទៀតនៅក្នុងវត្តទៀតក៏បានបាក់បែកខ្ទេចខ្ទីដូចគ្នាដែរ។ យ៉ាងណាមិញ ប្រជាជនមីយ៉ាន់ម៉ាពិតជាមានការសោកស្តាយណាស់ ព្រោះតែវត្តនេះ គឺជាវត្តដ៏ចំណាស់បុរាណប្រចាំក្រុង ហើយពិសេសនោះ គឺជាកន្លែងទាក់ទាញទេសចរណ៍របស់ប្រទេសទៀតផង៕
ប្រភព៖ BBC