បើរំឭកកាលពីជាង ១០ ឆ្នាំ មុន មហាជននិយមទស្សនាកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ច្បាស់ជាស្គាល់ច្បាស់ជាមិនខានពិធីការិនីស្រស់សោភា កញ្ញា នេត សុចរិយា ដែលជាដៃគូការងាររបស់លោក យឹម ណារ៉ា ជាក់ជាមិនខាន។

កាលនោះ គេចាំបានថា ពិធីការិនីស្រស់សោភារូបនេះ ក្តោបបានតំណែងជាច្រើនក្នុងកម្មវិធីទូរទស្សន៍ ក៏ដូចជាបានចូលរួមសម្តែងចម្រៀងកាយវិការ និង ខ្សែភាពយន្តជាច្រើនទៀតផង។

ដោយឡែក រយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ កញ្ញា នេត សុចរិយា បានបាត់មុខពីសិល្បៈមួយរយៈធំ ដោយស្រីស្អាតរូបនេះ បានចាកចេញទៅរស់នៅឯប្រទេសសិង្ហបុរី និង ធ្វើការនៅក្រុមហ៊ុនប៊្រេនល្បី CHANEL ថែមទៀតផង។

យ៉ាងណាមិញ ថ្មីៗនេះ អ្នកគាំទ្រ និង មិត្តទាំងក្នុង-ក្រៅសិល្បៈរបស់កញ្ញា នេត សុចរិយា ក៏បានបង្ហាញការភ្ញាក់ផ្អើល ក្រោយឃើញអ្នកនាង ឌី សុនិត្តា បានបង្ហោះវីដេអូសកម្មភាពពិធីការិនីខាងលើ មករើសឈុតកូនក្រមុំត្រៀមចូលរោងការក្នុងពេលឆាប់ៗនេះ។

ក្នុងនោះ ដំណឹងមង្គលជ័យរបស់ កញ្ញា នេត សុចរិយា ក៏បានធ្វើឱ្យអ្នកគាំទ្រ និង មិត្តទាំងក្នុង-ក្រៅសិល្បៈរបស់កញ្ញាបាន និង កំពុងចូលរួមអបអរសាទរដល់នាង និង រង់ចាំអ៊ុតមើលថា តើអនាគតស្វាមីរបស់ពិធីការិនីរូបនេះ គឺជាបុរសរូបណាដែរ៕




