ក្នុងការប្រកួតផ្ដាច់ព្រ័ត្រនៃកម្មវិធី Miss Universe Cambodia 2025 កាលពីថ្មីៗកន្លងទៅ ចំពោះបេក្ខភាពដ៏លេចធ្លោ កញ្ញា សុគា គឹមលាង ត្រូវបានមហាជនអ្នកគាំទ្ររបស់នាងជាច្រើនបង្ហាញចិត្តស្ដាយបន្តបន្ទាប់ ដែលកញ្ញាពុំមានឱកាសក្លាយជាម្ចាស់មកុដ MUC ឆ្នាំ ២០២៥ ខណៈប៉ះសុទ្ធតែជើងខ្លាំងៗពេញដោយសមត្ថភាពដូចគ្នា នាងទទួលបានត្រឹមតំណែងជ័យលាភីលំដាប់រងទី ១ នៃ MUC 2025 នេះ។
យ៉ាងណាមិញ ដ្បិតតែមិនមានឱកាសក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Universe Cambodia 2025 មែន ប៉ុន្តែកញ្ញា សុគា គឹមលាង ក៏ឆក់បានក្ដីស្រឡាញ់ និង សរសើរពីមហាជនជាច្រើនចំពោះសមត្ថភាពរបស់នាង ជាពិសេសភាពលេចធ្លោក្នុងថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ ដែលនាងថែមទាំងទទួលបានពានរង្វាន់ចំនួន ២ ទៀតគឺ Best In Interview និង Beauty With Purpose By Lux ។
ដោយឡែក មកដល់ថ្មីៗនេះ ក្រោយទទួលតំណែងជាលំដាប់រងទី ១ នៃ MUC 2025 ជិត ១ សប្ដាហ៍ ក៏បានឃើញហ្វេសប៊ុករបស់បវរកញ្ញា សុគា គឹមលាង ចែករំលែកការបង្ហោះមួយយ៉ាងភ្ញាក់ផ្អើល ហាក់សំដៅដល់រឿងរ៉ាវអ្វីមួយ ដែលនាងកំពុងរងការលាបពណ៌ទៀតផង។
ក្នុងនោះ សុគា គឹមលាង បានចែករំលែកការបង្ហោះមួយដែលបានសរសេរថា ៖ «លាបពណ៌បុគ្គលល្អ មួលបង្កាច់បុគ្គលល្អ ព្យាយាមបំផ្លាញបុគ្គលល្អ តែដោយអំណាចនៃសេចក្តីល្អរបស់បុគ្គលល្អ អ្នកនឹងវិនាសខ្លួនឯង» លើសពីនេះ នាងក៏បានភ្ជាប់ជាមួយ Caption ទៀតថា ៖ «សុំថ្នាំថ្លៃៗ អ្នកលាភល្បីបែបថ្លៃថ្នូរ»។
លើសពីនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែផ្ទុះចាប់អារម្មណ៍ភ្ញាក់ផ្អើលទៀត ខណៈបានឃើញអ្នកលេងបណ្ដាញសង្គមម្នាក់ចូលបញ្ចេញមតិក្រោមការចែករំលែកសាររបស់បវរកញ្ញា សុគា គឹមលាង ថា ៖ «Caption ហ្នឹងគេសរសេរឱ្យបងឯងហ្នឹង ឃើញលែងហ៊ានចូលសាលារចនាអត់ លូវមករករឿង Fiyata… Accept the truth tov Fiyata is another lever, Khmer support Khmer, come back next time»៕