មហាជនអ្នកគាំទ្រតាមដានកម្មវិធី MasterChef Cambodia រដូវកាលទី ៣ សុទ្ធសឹងតែបានស្គាល់ពីប្រុសស្អាត សំ សុធារិទ្ធ ដែលជាអតីតបេក្ខភាពដ៏ឆ្នើមមួយរូបជាប់ Top 5 ក្នុងកម្មវិធីនារដូវកាលនោះ ដោយឆក់បានការចាប់អារម្មណ៍ពីមហាជនទាំងសមត្ថភាព គំនិតច្នៃប្រឌិត ថ្វីដៃចម្អិនដ៏ពូកែ និង រូបរាងដ៏ស្រស់សង្ហារបស់លោក។
យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួតកម្មវិធី MasterChef Cambodia រដូវកាលទី ៣ លោក សំ សុធារិទ្ធ ក៏នៅតែត្រូវបានមហាជនចូលចិត្តតាមដានសកម្មភាពផ្សេងៗលើវិស័យម្ហូបអាហាររបស់លោក ថែមទាំងលោកក្ដោបបានការងារសិល្បៈថតម៉ូត បង្កើតមាតិកាវីដេអូថ្មីៗលើបណ្ដាញសង្គម និង ថតផ្សព្វផ្សាយផលិតផលផ្សេងៗ ព្រមទាំងមានជីវិតឯកជនយ៉ាងហាយសូរទៀតផង។
លើសពីនេះ កំលោះសង្ហា សុធារិទ្ធ ក៏តែងត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍លើជីវិតឯកជនរបស់លោកទាក់ទងនឹងរឿងស្នេហា ដែលអ្នកគាំទ្ររង់ចាំមើលថា តើនារីរូបណាដែលអាចឆក់បានបេះដូងបុរសសង្ហាដ៏មានទេពកោសល្យរូបនេះទៀតផង។
ដោយឡែក មកដល់ថ្មីៗនេះ អ្វីដែលកំពុងធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ភ្ញាក់ផ្អើលខ្លាំង ខណៈបានឃើញការបង្ហោះមួយបង្ហាញពីសកម្មភាពរបស់លោក សំ សុធារិទ្ធ បានទៅមើលសំអាងការ ដែលធ្វើឱ្យអ្នកគាំទ្រសង្ស័យថាលោកជិតមានដំណឹងល្អ គ្រាន់តែមិនទាន់មានការបញ្ជាក់ពីសាមីខ្លួន និង បង្ហាញមុខខាងស្រីនៅឡើយទេ។
ការបង្ហោះនោះ ខាងម្ចាស់សំអាងការមួយបានរៀបរាប់លើហ្វេសប៊ុកថា ៖ «អ្នកទាំងអស់គ្នានៅចាំគាត់អត់? ថ្ងៃនេះបុរសសង្ហាមកមើលសំអាងការ ហើយណា តើកូនក្រមុំម្នាក់ណាទៅណ៎?»។ ការបង្ហើបរបស់ម្ចាស់សំអាងការ បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនរង់ចាំមើលមុខអនាគតកូនក្រមុំរបស់លោក ដោយឡែកមួយចំនួនទៀតក៏យល់ថា សុធារិទ្ធ គ្រាន់តែថតសំអាងការធម្មតាប៉ុណ្ណោះ៕