មហាជនលើបណ្ដាញសង្គមភាគច្រើនសុទ្ធសឹងតែបានជ្រាបហើយពីវេជ្ជបណ្ឌិត ហ៊ាង រតនា ដែលគេស្គាល់ថាជាប្រធានមន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង១២» ដោយមួយរយៈកន្លងទៅ មានការផ្ទុះវែកញែកខ្លាំងទាក់ទិននឹងករណីកើតឡើងក្នុងមន្ទីរពេទ្យព្យាបាលជំងឺរបស់លោក។
យ៉ាងណាមិញ ក្រោយពីស្ងប់ស្ងាត់មួយរយៈ ស្របពេលប្រទេសជាតិរងការឈ្លានពានផងនោះ មកដល់ថ្មីៗនេះ ក៏បានឃើញលោកវេជ្ជបណ្ឌិត ហ៊ាង រតនា បង្ហោះលើហ្វេសប៊ុក ដោយលើកឡើងជុំវិញរឿងអ្នកយល់ចិត្ត ដោយស្គាល់ និង យល់ពីដួងចិត្តពិតរបស់លោកច្បាស់ ទោះជារឿងរ៉ាវខ្លះមិនបានបកស្រាយ និង ពិបាកនឹងយល់ ប៉ុន្តែនៅតែមានអ្នកយល់ពីរូបលោកថាជាមនុស្សបែបណា និង មានដួងចិត្តបែបណាទៀតផង។
ក្នុងនោះ វេជ្ជបណ្ឌិត ហ៊ាង រតនា បានបង្ហោះរៀបរាប់លើហ្វេសប៊ុកហាក់សំដៅដល់មនុស្សដែលយល់ពីលោកច្បាស់ ជុំវិញរឿងរ៉ាវបានកើតឡើងចំពោះរូបលោកកន្លងមកថា ៖ «មនុស្សដែលយល់ពីយើង ដោយយើងមិនបាច់បកស្រាយពន្យល់ ទាំងដែលរឿងនោះពិបាកនឹងយល់ មនុស្សបែបនេះមានតម្លៃណាស់ក្នុងដួងចិត្តរបស់ខ្ញុំ។ សឹងតែអាចនិយាយបានថា ថ្វីដ្បិតអ្នកមិនបានធ្វើល្អអ្វីជាមួយខ្ញុំ អ្នកមិនបានជួយអ្វីខ្ញុំ តែអ្នកអាចយល់ពីខ្ញុំ ដោយខ្ញុំមិនបានពន្យល់អ្វីអ្នកមួយម៉ាត់សោះ ហើយថែមទាំងរឿងនោះវាជារឿងពិបាកនឹងយល់ទៀតផង ក្នុងជម្រៅចិត្តរបស់ខ្ញុំប្រៀបដូចជាបានជំពាក់គុណអ្នកអ៊ីចឹង។
តើអ្នកស្គាល់ខ្ញុំច្បាស់កម្រិតណាទៅ ទើបអាចយល់ពីខ្ញុំច្បាស់ដល់កម្រិតនេះ វាក៏អាចបញ្ជាក់ប្រាប់ខ្ញុំថា ដួងចិត្តរបស់អ្នកវាប្រហាក់ប្រហែលនឹងដួងចិត្តរបស់ខ្ញុំដែរ ទើបអ្នកអាចយល់ពីដួងចិត្តរបស់ខ្ញុំបាន។ មិត្តមិនពិបាករកនោះទេ តែមិត្តដែលអាចយល់ដល់បាតនៃជម្រៅដួងចិត្តរបស់យើង គឺពិបាកនឹងរកណាស់។ ពាក្យថា «មិត្ត» មិនមែនសំដៅតែលើពួកម៉ាក ឬ សម្លាញ់នឹងគ្នានោះទេ ប្តី ប្រពន្ធ កូន ម្តាយឪពុក សាច់ញាតិ បុគ្គលិក មេ កូនចៅ គ្រូ សិស្ស អ្នករាប់អានគ្នា ដៃគូរកស៊ី សុទ្ធតែអាចជា «មិត្ត» របស់យើងទាំងអស់»៕