និយាយដល់ពិធីការិនី និង ជាតារាសម្ដែងស្រីកញ្ញា គង់ វង្សយ៉ាទី មហាជនភាគច្រើនបានជ្រាបហើយថា នាងធ្លាប់ជាតារាស្រីឆក់បានប្រជាប្រិយភាពខ្លាំងតាមរយៈស្នាដៃសម្ដែង ដែលមានទេពកោសល្យប៉ិនប្រសប់ក្នុងការសម្ដែងដើរតួជាតួអង្គកាចៗ ឆ្នាស ឈ្នានីសផ្សេងៗ។
យ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថាតារាសម្ដែងស្រីរូបនេះ ហាក់ស្ងប់ស្ងាត់ពីវិស័យសិល្បៈខ្លាំង ដែលបាត់មុខឈឹងទាំងវិស័យសម្ដែង ក៏ដូចជាអាជីពពិធីការិនីក្នុងកម្មវីធីផ្សេងៗ។
ស្របពេលបាត់មុខលើវិថីសិល្បៈនេះដែរ ក្រឡេកទៅមើលជីវិតឯកជនរបស់តារាសម្ដែងស្រីរូបនេះ ឃើញថានាងកំពុងសំងំចាយជីវិតយ៉ាងរីករាយហាយសូរ និង ថែរូបសម្រស់នៅតែស្រស់ស្អាតស្រស់ថ្លាវ័យក្មេងដដែល។
ដោយឡែក ដ្បិតតែកញ្ញា គង់ វង្សយ៉ាទី មិនមានវត្តមានក្នុងអាជីពសិល្បៈដូចមុនមែន តែយូរៗម្ដងក៏តែងឃើញនាងបង្ហាញវត្តមានចូលរួមកម្មវិធីផ្សេងៗជាមួយមិត្តអ្នកសិល្បៈដទៃផងដែរ។ ជាក់ស្ដែង ថ្មីៗនេះ តារាស្រីរូបនេះ ក៏បានឃើញចូលរួមក្នុងកម្មវិធី «ទិវាវប្បធម៌ ៣ មីនា លេីកទី៧២» ក្នុងឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតជួបជុំជាមួយសិល្បករ-ការិនីជាច្រើន៕