នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ នេះ ក្រសួងព័ត៌មាន បានចុះផ្សាយឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានលើកទឹកចិត្ត ឱ្យអតិថិជនប្រើប្រាស់អំណាចទិញរបស់ខ្លួន ដោយប្រើប្រាស់តែផលិតផលដែលបានចុះបញ្ជីត្រឹមត្រូវ ដើម្បីជំរុញឱ្យអ្នកផលិត ត្រូវទៅចុះបញ្ជីផលិតផលឱ្យបានត្រឹមត្រូវ ដែលក្នុងនោះ ក្រសួងឧស្សាហកម្ម ក៏បានលើកទឹកចិត្តឱ្យម្ចាស់ផលិតកម្មក្នុងស្រុក ទៅចុះបញ្ជីផលិតផល (ច.ប.ផ.) ថ្នាក់ជាតិ ដើម្បីពង្រឹងប្រព័ន្ធគុណភាពផលិតផលនៅកម្ពុជា ការពារអ្នកប្រើប្រាស់ និង បង្កើនទំនុកចិត្តក្នុងទីផ្សារ។

តាមប្រភពបានឱ្យដឹងទៀតថា ការចុះបញ្ជីផលិតផល គឺជានីតិវិធីដែលផ្តល់អត្តសញ្ញាណដល់ផលិតផលគ្រប់ប្រភេទ និង គ្រប់ទម្រង់ ដោយអនុលោមតាមស្តង់ដារកម្ពុជា CS001-2000 ស្តីពីការដាក់ស្លាកផលិតផល។ សម្រាប់អ្នកប្រើប្រាស់ ការចុះបញ្ជីផលិតផលផ្តល់នូវតម្លាភាព និង លទ្ធភាពស្វែងរកប្រភពទំនិញ និង ម្ចាស់ស្របច្បាប់របស់ផលិតផល។ នេះគឺជាយុទ្ធនាការដែលនឹងត្រូវដំណើរការរហូតដល់ដំណាច់ឆ្នាំ ២០២៦ ដោយផ្តល់ជូនការបញ្ចុះតម្លៃ រួមជាមួយនឹងការបន្ធូរបន្ថយលក្ខខណ្ឌ។

តាមប្រភពបានឱ្យដឹងទៀតថា ក្រសួងបានសម្រួលនីតិវិធី ដោយកាត់បន្ថយឯកសារតម្រូវសម្រាប់ពាក្យស្នើសុំ និង កាត់បន្ថយរយៈពេលនៃការផ្តល់អាជ្ញាបណ្ណ ច.ប.ផ. មកនៅត្រឹម ៥ ថ្ងៃ នៃថ្ងៃធ្វើការក្នុងករណីដែលមានសំណុំឯកសារត្រឹមត្រូវគ្រប់គ្រាន់។ទន្ទឹមនេះ ក្រសួងបានសម្រេចអនុវត្តសម្រាប់សហគ្រាសផលិត ដែលចុះបញ្ជីផលិតផល ច្រើនមុខក្នុងពេលតែមួយ នឹងទទួលបានការលើកទឹកចិត្តពិសេស គឺការបញ្ចុះតម្លៃ ១០ភាគរយ សម្រាប់ការចុះបញ្ជីផលិតផលពី ៥-១៩ មុខ, ១៥ ភាគរយ សម្រាប់ការចុះបញ្ជីផលិតផលពី ២០-៤៩ និង ២០ ភាគរយ សម្រាប់ការចុះបញ្ជីផលិតផលលើសពី ៥០ មុខ ក្នុងពេលតែមួយ។
ការរៀបចំយុទ្ធនាការនេះ ធ្វើឡើងស្របពេលសហគ្រាសក្នុងស្រុកចាប់ផ្តើមបង្កើនការផលិត ខណ:ថៃបានបិទព្រំដែន។ ទន្ទឹមនេះយុទ្ធនាការនេះបានកើតឡើង ជួនពេលដែលប្រជាពលរដ្ឋខ្មែរងាក មកប្រើប្រាស់ផលិតផលក្នុងស្រុក ហើយទាមទារទំនុកចិត្តពីអ្នកផលិត៕

ប្រភព ៖ ក្រសួងព័ត៌មាន
 
				 
															 
															 
															 
															 
															 
															 
															 
															