ថ្មីៗនេះ មានករណីមួយនៅប្រទេសថៃ ដែលមានប្តីប្រពន្ធមួយគូ ឡើងជិះយន្តហោះលើកដំបូង ស្រាប់តែយកវ៉ាលិសច្រឡំ ប៉ះចំវ៉ាលិសញាត់កញ្ឆាជាង ២៤ គីឡូ។
ករណីមួយនេះបានរៀបរាប់ដោយមគ្គុទេសក៍ទេសចរណ៍ម្នាក់ ដោយលោកបានឱ្យដឹងថា ប្តីប្រពន្ធមួយគូនេះគឺជាភ្ញៀវរបស់ខ្លួន ដែលធ្វើដំណើរចេញពីព្រលានយន្តហោះ Surat Thani ទៅព្រលានយន្តហោះសុវណ្ណភូមិ រួចក៏ឡើងទៅប្រទេសជប៉ុន។ ខណៈដល់ព្រលានយន្តហោះប្រទេសជប៉ុន ក៏ត្រូវអាជ្ញាធរត្រួតពិនិត្យរួចរាល់ ដោយមិនមានបញ្ហាអ្វីឡើយ តែពេលនោះភ្ញៀវត្រូវរៀបចំលុបមុខដុសធ្មេញ ស្រាប់តែបើកវ៉ាលិសមិនបាន ទើបដឹងថាយកច្រឡំវ៉ាលិសជាមួយអ្នកដទៃនៅព្រលាន Surat Thani ។
ដោយាសារតែមានអារម្មណ៍មិនល្អអ្នកមគ្គុទេសក៍ទេសចរណ៍រូបនេះ ក៏បានឱ្យភ្ញៀវថតវីដេអូសសកម្មភាព ខណៈបើកវ៉ាលិសមើល ស្រាប់តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺក្នុងវ៉ាលិសមានសុទ្ធតែកញ្ឆាស្ងួតចំនួនជាង ២៤ គីឡូក្រាមឯណោះ ទើបប្រញាប់ទៅផ្តល់ព័ត៌មានដល់អាជ្ញាធរនៅព្រលានយន្តហោះ។ យ៉ាងណាមិញ អាជ្ញាធរបានធ្វើការសាកសួរដល់ប្តីប្រពន្ធមួយគូនេះតាំងពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច ទើបគេទុកចិត្តជឿ និង អនុញ្ញាតឱ្យចូលក្នុងប្រទេសបាន៕
ប្រភព៖ Sanook