ខណៈថៃបង្កសង្គ្រាមជាមួយកម្ពុជា និង បានចោទកម្ពុជាជាអ្នកចាប់ផ្តើមមុន ទាំងដែលខ្លួនជាអ្នកដើមហេតុ បច្ចុប្បន្ន សំឡេងខ្មែរបានបន្លឺឡើងពីគ្រប់ទិសទី។ សូម្បីបងប្អូនខ្មែរកំពុងរស់នៅក្រៅប្រទេស ក៏បានចេញមុខផ្សព្វផ្សាយរកយុត្តិធម៌ ក៏ដូចជាសន្តិភាពជូនប្រទេសជាតិខ្លួនផងដែរ។
ជាក់ស្តែង ដូចជាយុវជនអ្នកបង្កើតមាតិកាមួយរូប ដែលកំពុងរស់នៅប្រទេសអូស្ត្រាលី ដែលមានទំព័រហ្វេសប៊ុកឈ្មោះ Stella & Socheat ស្ទេឡា & សុជាតិ លោកបានប្រមូលបងប្អូនខ្មែររស់នៅទីក្រុងស៊ីដនី ដោយទៅជួបជុំគ្នានៅទីតាំងដ៏ល្បីគឺ ស៊ីដនី អូបេរ៉ា ហៅស៍ (Sydney Opera House) ដើម្បីដើរផ្សព្វផ្សាយ និង ផ្ញើសារទៅកាន់អន្តរជាតិ ថា កម្ពុជាពិតជាចង់បានសន្តិភាព ហើយថៃគឺជាអ្នកចាប់ផ្តើមមុន។
ជាមួយដៃកាន់ទង់ជាតិខ្មែរ និង បដាជាច្រើន ទោះប្រមូលគ្នាបានតិចតួច តែនេះជាសំឡេងដ៏ខ្លាំងក្លា ដែលបង្ហាញថា ខ្មែរពិតជាស្រលាញ់ខ្មែរ ខ្មែរចេះការពារខ្មែរ ហើយខ្មែរពិតជាមានបេះដូងតែមួយ ទោះនៅឆ្ងាយគ្នាប៉ុនណាក្តី។
មិនត្រឹមតែដើរផ្សព្វផ្សាយប៉ុណ្ណោះទេ លើសពីនេះ យុវជនរូបនេះ ក៏បានបង្កើតមូលនិធីរៃអង្គាសនៅអូស្ត្រាលី ដើម្បីជួយដល់វីរកងទ័ពជួរមុខកម្ពុជាយើងផងដែរ៕