ប៉ុនា្មនថ្ងៃនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកតាមដានវិស័យអនឡាញនៅកម្ពុជា ច្បាស់ជាបានចាប់អារម្មណ៍តាមដានចែករំលែក និង មានការបញ្ចេញមតិវែកញែកខ្លាំង ជុំវិញរឿងរ៉ាវ ២ ប្រធានបទ ដែលកំពុងផ្ទុះក្ដៅគគុក ក្រោយពីមានសំណេរចំនួន ២ បានផុសឡើងលើបណ្ដាញសង្គម។
១. សំណេរពីនារីម្នាក់ អះអាងថាជាកូនចៅហើយត្រូវបានប្ដីម្ចាស់ប្រ៊េនមួយធ្វើឱ្យមានផ្ទៃពោះ
ចំពោះរឿងរ៉ាវចចាមរ៉ាមទី ១ ដែលក្លាយជាប្រធានបទដ៏ក្ដៅគគុកធ្វើឱ្យមហាជនវែកញែកពាសពេញបណ្ដាញសង្គមហ្វេសប៊ុកនេះ បន្ទាប់ពីឃើញសំណេររបស់នារីម្នាក់ រៀបរាប់ថាខ្លួនត្រូវបានប្ដីរបស់ម្ចាស់ប្រ៊េនល្បីមួយ ធ្វើឱ្យមានផ្ទៃពោះ និង បង្ខំឱ្យយកកូនចេញពីផ្ទៃ។ ស្របពេលផ្ទុះរឿងរ៉ាវចចាមរ៉ាមនេះឡើង គេឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុក មានមហាជនអ្នកតាមដាន និង អ្នកគាំទ្ររបស់ម្ចាស់ប្រ៊េននីមួយៗ បានបង្ហោះចែករំលែក និង មានការបញ្ចេញមតិសួរនាំជុំវិញរឿងនេះទៅកាន់ម្ចាស់ប្រ៊េនរៀងៗខ្លួនទៀតផង។
លើសពីនេះ ក៏ឃើញមានហ្វេសប៊ុកផេករបស់ម្ចាស់ប្រ៊េនល្បីៗប៉ុន្មានរូប ចេញបង្ហោះសារជុំវិញរឿងរ៉ាវខាងលើ ក្នុងន័យឆ្លើយតបបង្ហាញពីភាពស្អាតស្អំក្នុងគ្រួសារប្ដីប្រពន្ធរៀងៗខ្លួន ជៀសវាងការយល់ច្រឡំពីមហាជន ដោយម្ចាស់ប្រ៊េនទាំង ៣ រូប ចេញបញ្ជាក់ឱ្យដឹងថា គ្រួសាររបស់ពួកគេមិនមានពាក់ព័ន្ធជុំវិញរឿងចចាមរ៉ាមនេះឡើយ ព្រមទាំងគិតថាគ្រាន់តែជារឿងប្រឌិតដែលបង្កើតឡើងដោយបុគ្គលណាម្នាក់ ដើម្បីបំបែកបំបាក់គ្រួសារគេប៉ុណ្ណោះ។


២. សំណេរពីនារីម្នាក់ អះអាងថាជាអតីតបុគ្គលិករបស់ម្ចាស់ប្រ៊េនជាតារាសម្ដែងស្រីមួយរូប
ជុំវិញរឿងរ៉ាវថ្មីមួយទៀតនេះ កំពុងផ្ទុះចែករំលែក និង ជជែកវែកញែកឡើង ក្រោយពីបានឃើញផេកហ្វេសប៊ុកមួយបានបង្ហាញពីសំណេររបស់នារីម្នាក់ផ្សេងទៀត ដោយបានរៀបរាប់ទាក់ទងនឹងម្ចាស់ប្រ៊េនមួយរូប ដែលគេអះអាងជាតារាសម្ដែងស្រីម្នាក់ធ្លាប់មានឈ្មោះល្បី បានបន្តលក់ផលិតផលហួសដឺឡេតាំងពីឆ្នាំ ២០២១ មកដល់បច្ចុប្បន្ន។
តាមរយៈសំណេរនោះ មានការលើកឡើងពីនារីម្នាក់បានអះអាងថានាងជាអតីតបុគ្គលិក Brand ផលិតផលរបស់តារាសម្ដែងស្រីមួយរូប ដែលជាប្រ៊េនមួយធ្លាប់មានទីផ្សារខ្លាំងមុនកូវីដ និង បានទម្លាយឱ្យមហាជនជុំវិញរឿងរបស់ម្ចាស់ប្រ៊េនជាតារារូបនោះ យកផលិតផលរបស់ខ្លួនដែលហួសដឺឡេហើយ គឺតាំងពីឆ្នាំ ២០២១ តែនៅតែបន្តលក់ ដោយយកផលិតផលនោះហែកប្រអប់មានកាលបរិច្ឆេទហួសកំណត់ចេញ រួចដាក់លក់បញ្ចុះតម្លៃឱ្យអថិតិជនធម្មតា។ លើសពីនេះ ម្ចាស់ប្រ៊េននោះបានយកផលិតផលដែលផលិតនៅប្រទេសថៃ ប្ដូរដាក់ថាផលិតនៅជប៉ុន រីឯផលិតផលរបស់ចិន ប្ដូរដាក់ថាផលិតនៅអ៊ីតាលីទៀតផង៕


 
				 
															 
															 
															 
															 
															 
															 
															 
															